អភិបាលខេត្តឧត្តរមានជ័យ ប្រគល់រង្វាន់លើកទឹកចិត្តសិស្សនិទ្ទេស A ចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៨នាក់ ជាមួយនឹងការប្រគល់ម៉ូតូម្នាក់១គ្រឿងជាការលើកទឹកចិត្ត។
ឯកឧត្តម មាន ចាន់យ៉ាដា បានចូលរួមអបអរសាទរចំពោះសិស្សានុសិស្សទាំង៨នាក់ ដែលបានប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២៣-២០២៤។
ឯកឧត្តមអភិបាលខេត្ត បានអរគុណលោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សទទួលបានចំណាត់ ថ្នាក់ល្អ ហើយក៏សូមអរគុណដល់អាណាព្យាបាលដែលបានលើកទឹកចិត្ត និងផ្តល់ឱកាសដល់កូនក្នុងការរៀនសូត្ររហូតរៀនទទួលបានចំណាត់ថ្នាក់ល្អនិទ្ទេស A។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង៨នាក់ ដែលត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមមហាវិទ្យាល័យនានា ត្រូវបន្តខិតខំរៀនសូត្រដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ ដើម្បីជាការលើកទឹកចិត្តដល់យុវសិស្សដែលរៀនបាននិទ្ទេស A ហើយលោកក៏បានប្រគល់ម៉ូតូម្នាក់១គ្រឿងផងដែរ ៕