អភិបាលរងខេត្តព្រះសីហនុ៖ ក្រុងកោះរ៉ុង ជាគ្រាប់ពេជ្ររបស់ខេត្តព្រះសីហនុ
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុងកោះរ៉ុង ជាគ្រាប់ពេជ្ររបស់ខេត្តព្រះសីហនុ ដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមិនដែលរំលង។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងដំណើរបំពេញបេសកកម្មរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៦០រូប ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានដឹកនាំផ្ទាល់ ដើម្បីចុះផលិតនិងផ្សព្វផ្សាយព័ត៌មានក្នុងខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២៤។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុងកោះរ៉ុង ជាទីប្រជុំកោះ ហើយត្រូវបានចែកចេញជាពីសង្កាត់ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ដែលមានធនធានធម្មជាតិដ៏ស្រស់បំព្រង ព្រៃកោងកាង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។
លោកអភិបាលរងខេត្ត បានបន្តថា ក្រុងកោះរ៉ុង ជាគ្រាប់ពេជ្ររបស់ខេត្តព្រះសីហនុ ភាគច្រើនភ្ញៀវទេសចរប៉ែកអឺរ៉ុបចូលចិត្តមកកម្សាន្ត មានទាំងផាសុកភាព មានសន្តិសុខ ភាពស្ងប់ស្ងាត់ ដែលធ្វើឱ្យភ្ញៀវទេសចរអាចមកលេងបាន។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ទេសចរណ៍ក្នុងស្រុក និងប្រជាពលរដ្ឋ សូមឱ្យថែរក្សាអនាម័យនៅកោះរបស់យើងឱ្យស្អាត ពីព្រោះថាធម្មជាតិរបស់យើងកម្ររកបានណាស់ ដូច្នេះយើងត្រូវចាត់ទុកថាទេសចរម្នាក់គឺជាឆ្នាំងបាយរបស់របស់យើងមួយ ៕