អគ្គនាយករង ប.ស.ស. ដឹកនាំមន្រ្ដីជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥”
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥” ក្នុងកិច្ចពិភាក្សា៖ “ទស្សនៈរបស់ភាគីពាក់ព័ន្ធជុំវិញការពង្រីកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា” ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកនូវចំណេះដឹងអំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ជូនដល់សិក្ខាកាមដែលបានចូលរួមប្រមាណជា ១០០នាក់ នៅសណ្ឋាគារ ហ៊ីម៉ារី រាជធានីភ្នំពេញ។
សិក្ខាសាលានាឱកាសនេះ រៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធធ្វើបទបង្ហាញអំពីស្ថានភាព នៃការអនុវត្តការគ្របដណ្ដប់ ដែលក្នុងនោះមន្រ្ដីជំនាញ ប.ស.ស. ក៏បានធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាពនៃការគ្របដណ្ដប់ដោយរបបសន្តិសុខសង្គមផ្នែកថែទំាសុខភាព និងផែនការបន្តរបស់ ប.ស.ស. ជូនអង្គសិក្ខាសាលាផងដែរ៕