លោក វ្ល៉ាឌីមៀ ពូទីនថា រុស្ស៊ីមិនបានចាញ់នៅក្នុងប្រទេសស៊ីរីទេ បើទោះបីជារដ្ឋាភិបាល លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តត្រូវបានទម្លាក់ក៏ដោយ
មូស្គូ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធថា រុស្ស៊ីមិនបានចាញ់នៅក្នុងប្រទេសស៊ីរីទេ បើទោះបីជារដ្ឋាភិបាល លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីត្រូវបានទម្លាក់ក៏ដោយ។ លោកបានបញ្ជាក់ថា រុស្ស៊ី បានសម្រេចគោលដៅរបស់ខ្លួនហើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅក្នុងប្រទេសស៊ីរី។
ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដែលលោក ពូទីន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីស្ថានការណ៍នៅស៊ីរី។
នាឱកាសនោះ លោក ពូទីន បានលើកឡើងដូចនេះថា «អ្នកចង់បង្ហាញពីអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរី ជាការបរាជ័យរបស់រុស្ស៊ី។ ប៉ុន្តែ ខ្ញុំធានាចំពោះអ្នកថា វាមិនមែនដូច្នោះទេ។ ហើយខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ។ យើងមកស៊ីរីកាលពី ១០ ឆ្នាំមុនដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅទីនោះ…ហើយយើងបានសម្រេចវាហើយ»។
ទន្ទឹមគ្នានេះ លោក ពូទីន ក៏បានប្រកាសថា លោកមានគម្រោងជួបពិភាក្សា ជាមួយលោក Assad ដើម្បីសួរនាំអតីតប្រធានាធិបតីស៊ីរីរូបនេះ អំពីជោគវាសនារបស់អ្នកយកព័ត៌មានអាមេរិក Austin Tice ដែលបានបាត់ខ្លួននៅក្នុងប្រទេសស៊ីរីផងដែរ។
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ថា រុស្ស៊ី កំពុងពិភាក្សាជាមួយរដ្ឋាភិបាលថ្មីរបស់ស៊ីរី អំពីការរក្សាមូលដ្ឋានទ័ពរបស់រុស្ស៊ីនៅក្នុងប្រទេស ព្រមទាំងបានអំពាវនាវឱ្យប្រទេសដទៃទៀត ប្រើប្រាស់មូលដ្ឋានទាំងនោះ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរី៕