ឯកឧត្តម សុខ សប្បាយណា៖ ការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺដើម្បីផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល
ភ្នំពេញ៖ ឯកឧត្តម សុខ សប្បាយណា សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលស.ស.យ.ក. និងជាសមាជិកគណ:កម្មាការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅមជ្ឍមណ្ឌលម៉ានី នៃអាគារ The Kampus។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺដើម្បីផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូលក្នុងគោលបំណងបង្ហាញក្នុងនាមជាប្រជាជាតិដែលមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញ ដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង។ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗនៃសង្គម បង្ហាញនូវមោទនភាព ចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាព ក្នុងនាមជាខ្មែរ ក្រោមទង់នៃ «ព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ និង បង្កើនមនោសញ្ចេតនារវាងប្រជាជននៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា។
នាឱកាសនោះ ឯកឧត្តម គង់ សុលីយ៉ា ប្រធានក្រុមការងារប្រតិបត្តិ បានលើកឡើងអំពីកម្មវិធី និងធ្វើបទបង្ហាញពីព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនមុខព្រះបរមរាជវាំង តាមបណ្តោយមហាវិថីព្រះសុីសុវត្ថិ ចំពោះកម្មវិធីនឹងចាប់ផ្តើមនៅម៉ោង ៣៖០០នាទីរសៀលរហូតដល់ម៉ោង ១៖០០ នាទីទៀបភ្លឺ។
សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដើម្បីផ្តល់ឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរដើម្បីសាទរនូវ សមិទ្ធផលទាំងឡាយដែលប្រទេសជាតិយើងសម្រេចបានជាច្រើនក្នុងដំណាក់កាលចុងក្រោយនៃប្រវត្តិសាស្រ្ត។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ ការជួបជុំគ្នាជាលក្ខណៈមហាគ្រួសារខ្មែរនៅក្រោមទង់ជាតិតែមួយ៕