រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥
ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤, ប្រធានមណ្ឌលអប់រំកែប្រែទាំង៤ និងមន្ត្រីជំនាញមួយចំនួន។
ក្នុងកិច្ចប្រជុំនេះ, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៣៣៥នាក់ (ស្រី ៣៩នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។
ជាលទ្ធផល, គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ២៤០នាក់ (ស្រី ២៦នាក់) ក្នុងនោះរួមមាន៖ (១)-ទណ្ឌិតចំនួន ១៨៣នាក់ (ស្រី ១៥នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៥២នាក់ (ស្រី ១១នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ និង(៣)-ទណ្ឌិតចំនួន ៥នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ។
ដោយឡែក, ចំពោះទណ្ឌិតចំនួន ៩៥នាក់ (ស្រី ១៣នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃាតកម្ម, ហិង្សាមានស្ថានទម្ងន់ទោស, ករណីជួញដូរមនុស្ស, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុករំលោភសេពសន្ថវៈលើកូនរបស់ខ្លួន ជាដើម។
ទន្ទឹមនេះ, គណៈកម្មការថ្នាក់ជាតិ ក៏បានសម្រេចបញ្ចូលទណ្ឌិតចំនួន ២នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកូនស្រី បង្កើតខ្លួន ទៅក្នុងបញ្ជីឈ្មោះទណ្ឌិតដែលមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោស (Black List)។ ដោយគិតមកដល់ ពេលបច្ចុប្បន្ននេះ, ទណ្ឌិតដែលត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះ (Black List) មានចំនួន ៦៨នាក់ ដែលសុទ្ធសឹងតែជាទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ, សាហាវឃោរឃៅដែលពាក់ព័ន្ធនឹងករណីឃាតកម្ម, ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុក ឬជីតា រំលោភសេពសន្ថវៈលើកូន ឬចៅរបស់ខ្លួនជាដើម។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនេះគណៈកម្មការថ្នាក់ជាតិ បានធ្វើការពិនិត្យលើគោលការណ៍មួយចំនួនដែលបានអនុវត្តនាពេលកន្លងមក និងបានសម្រេចដាក់ចេញនូវគោលការណ៍ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
-ឧក្រិដ្ឋជនគ្រឿងញៀន
-អំពើសាហាវយង់ឃ្នង
-ករណីមិនរាងចាល
-ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
-ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
-ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ
-ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ
-ជនរងគ្រោះជាសាច់សាលោហិត
-ករណីរំលោភបូក
-ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត
-ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី១ភាគ៣នៃរយៈពេលផ្តន្ទាទោស។
២.ចំពោះសំណើលើកលែងទោស គណៈកម្មការជាតិនឹងបន្តរឹតបន្តឹងក្នុងការពិនិត្យ លើកលែងតែករណីចាំបាច់មួយចំនួន ឬហេតុផលមនុស្សធម៌តែប៉ុណ្ណោះ។
៣.បន្តកំណត់ដាក់បញ្ជូលក្នុងបញ្ជីឈ្មោះ Blacklist នូវទណ្ឌិតទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស៖
-បទឧក្រិដ្ឋដែលជាអំពើសាហាវយ៉ង់ឃ្នង
-អំពើរំលោភផ្លូវភេទ លើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន។
បន្ថែមពីនេះទៀត, ក្នុងពេលឆាប់ៗខាងមុខ គណៈកម្មការថ្នាក់ជាតិ គ្រោងនឹងរៀបចំកិច្ចប្រជុំពិសេសពាក់ព័ន្ធនឹងទណ្ឌិតជាស្ត្រីនៅក្នុងពន្ធនាគារ ដោយផ្តោតជាសំខាន់ទៅលើទណ្ឌិតជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមម្តាយ មកពិនិត្យ និងពិភាក្សា ដើម្បីទទួលបានការអនុគ្រោះទោស ៕