ក្រុមហ៊ុន GSM របស់វៀតណាម បើកដំណើរការសេវាកម្មតាក់ស៊ីរថយន្តអគ្គិសនី Xanh SM របស់ខ្លួនជាផ្លូវការ នៅឥណ្ឌូណេស៊ី
ហ្សាការតា៖ ក្រុមហ៊ុន Green and Smart Mobility JSC ឬហៅកាត់ថា GSM របស់វៀតណាម កាលពីពេលថ្មីៗនេះ បានបើកដំណើរការសេវាកម្មតាក់ស៊ីរថយន្តអគ្គិសនី Xanh SM របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
Green and Smart Mobility JSC ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី ផាម ញ៉ាតវឿង (Pham Nhat Vuong) ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vingroup បានជ្រើសរើសប្រទេសឥណ្ឌូណេស៊ីជាទីផ្សារក្រៅប្រទេសទីពីរបន្ទាប់ពីប្រទេសឡាវ។ សេវាកម្មនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាមក្នុងខែមេសា ឆ្នាំ២០២៣ ហើយឥឡូវនេះដំណើរការនៅក្នុងទីក្រុងចំនួន៦១ នៅទូទាំងប្រទេស។ GSM បានដណ្តើមយកទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍។ ពិធីសម្ពោធធ្វើឡើងនៅរដ្ឋធានីហ្សាការតា ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលម្ចាស់ផ្ទះជាច្រើនរូប ឯកអគ្គរដ្ឋទូតមកពីប្រទេសមួយចំនួន និងដៃគូយុទ្ធសាស្ត្រជិត១០០របស់ក្រុមហ៊ុន Xanh SM នៅទីនោះ។ នេះជាលើកទីមួយហើយ ដែលសេវាតាក់ស៊ីអគ្គិសនីត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានគេរំពឹងថា នឹងបំពេញតម្រូវការដឹកជញ្ជូនកើនឡើងក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ។
អ្នកបើកបរចំនួន៧០០នាក់ កំពុងដំណើរការសេវាកម្មតាក់ស៊ីរថយន្តអគ្គិសនីនេះ។ ក្រុមហ៊ុនមានផែនការមហិច្ឆតាក្នុងការដាក់ពង្រាយតាក់ស៊ីអគ្គិសនីចំនួន១ម៉ឺនគ្រឿង ដែលផលិតដោយ VinFast នៅទូទាំងប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០២៥។ លោកបណ្ឌិត ប៉ាក រីយ៉ាតណូ (Pak Riyatno) អនុប្រធានផ្នែកអភិវឌ្ឍន៍អាកាសធាតុនៃការវិនិយោគនៅក្រសួងវិនិយោគ និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូណេស៊ី បានសម្ដែងទំនុកចិត្តថា វត្តមានរបស់ Xanh SM នៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹងមិនត្រឹមតែលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងបរទេសនៅក្នុងសេដ្ឋកិច្ចបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតឱកាសថ្មីសម្រាប់ការច្នៃប្រឌិត ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជាជនឥណ្ឌូណេស៊ី។
ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌូណេស៊ី លោក តា វ៉ាន់ថុង (Ta Van Thong) បានកត់សម្គាល់ថា សេវាកម្ម Xanh SM ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយថ្មីរបស់រដ្ឋបាលឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលមានបំណងសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ២០៦០។ លោកបាននិយាយថា នេះគឺជាតំបន់មួយដែលរដ្ឋាភិបាលវៀតណាម និងឥណ្ឌូណេស៊ី អាចសហការបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅបរិស្ថាននាពេលអនាគត៕