សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលេីផែនការអភិវឌ្ឍន៍សាខា សម្រាប់ឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី២០ ខែ ធ្នូ ឆ្នាំ ២០២៤នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យ និងពិភាក្សាលេីផែនការអភិវឌ្ឍន៍សាខា សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា។ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន៖ អស់លោក លោកស្រី ជានាយករង ប្រធាន អនុប្រធានការិយាល័យទាំង៥ មន្ត្រីបុគ្គលិកសាខា សរុបចំនួន១៩នាក់។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវប្រសាសន៍ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលកោតសរសេីរ និងថ្លែងអំណរគុណដល់មន្ត្រីប្រតិបត្តិសាខាទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារប្រកបដោយសកម្មភាពរស់រវេីក មានវិវត្តន៍ពីមួយជំហានទៅមួយជំហាន ធ្វេីឱ្យសាខាទទួលបាននូវជោគជ័យ គួរឱ្យកត់សំគាល់ តាមរយៈលទ្ធផលការងារនេះ គឺបានបង្ហាញពីការលះបង់ពេលវេលា ការទទួលខុសត្រូវ និងការស្រលាញ់ការងារមនុស្សធម៌យ៉ាងស្មោះស្មគ្រ័ របស់មន្ត្រីប្រតិបត្តិយេីងផងដែរ ។ ក្នុងនោះ បន្ទាប់ពីឆ្លងកាត់ការពិនិត្យ និងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នារួចមក ឃើញថា ទាំងខ្លឹមសារ ទិសដៅអនុវត្ត លទ្ធផលរំពឹងទុក ការប្រើប្រាស់ថវិការបស់ផែនការបានត្រឹមត្រូវសមស្របទៅនឹងស្ថានភាពជាក់ស្តែង សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាននៃរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ លោកនាយកប្រតិបតិ្តសាខា រួមនឹងលោក លោកស្រីជាសមាជិក សមាជិកាអង្គប្រជុំទាំងអស់ បានប្តេជ្ញាចិត្តនឹងខិតខំបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែល្អប្រសេីរ ក្នុងន័យរួមគ្នាជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ បន្ថែមទៀត ៕