ក្រសួងបរិស្ថាន បើកទ្វារទទួលស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដែលគិតគូរដល់សុខភាព បរិស្ថាន និងបច្ចេកវិទ្យា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញពីជំហររបស់កម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានគំនិតផ្តួចផ្តើមប្រកបដោយការទទួលខុសត្រូវចំពោះសុខភាពបរិស្ថាន អាយុជីវិតប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង ឈានឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ Guangdong-Hong Kong-Macao ដែលដឹកនាំគណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរដោយលោក ឡាំង សុងស៊ូ (Liang Songshou) ប្រធានក្រុមប្រឹក្សាភិបាលស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ (Guangdong-Hong Kong-Macao Greater Bay Area Economic Industry Research Federation) នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន៕