UN អំពាវនាវឱ្យបញ្ឈប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី
ញូវយ៉ក៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី ដោយបានហៅការវាយប្រហារទាំ ងនេះ គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសស៊ីរី។
ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោកបានលើកឡើងដូច្នេះថា «អធិបតេយ្យភាព ឯកភាពទឹកដី និងបូរណភាពរបស់ប្រទេសស៊ីរី ត្រូវតែត្រូវបានស្ដារឡើងវិញយ៉ាងពេញលេញ ហើយរាល់សកម្មភាពឈ្លានពានត្រូវតែបញ្ឈប់ជាបន្ទាន់»។
លោក Guterres ក៏បានអំពាវនាវឱ្យអ៊ីស្រាអែល ដកទ័ពចេញពីតំបន់គ្មានយោធា រវាងប្រទេសស៊ីរី និងតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។ លោកបានសង្កត់ធ្ងន់ថា មានតែកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ ដែលគួរតែឈរជើងនៅក្នុងតំបន់នោះ។
អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក ទៅលើប្រទេសស៊ីរី បន្ទាប់ពីក្រុមឧទ្ទាមបានផ្តួលរំលំរដ្ឋាភិបាលលោក Bashar al-Assad។
អ៊ីស្រាអែលបានអះអាងថា ការវាយប្រហារទាំងនោះគឺដើម្បីបំផ្លាញអាវុធ និងហេដ្ឋារចនាសម្ព័ន្ធយោធា។ ប៉ុន្តែ អង្គការសហប្រជាជាតិបានថ្កោលទោសសកម្មភាពទាំងនេះ ដោយចាត់ទុកថា ជាការរំលោភលើអធិបតេយ្យភាពរបស់ស៊ីរី។
លោក Guterres ក៏បានប្រកាសថា អង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែង ដើម្បីជួយសម្របសម្រួល ដំណើរការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសស៊ីរី និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរី។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើងក្នុងអំឡុងពេលសង្រ្គាមស៊ីវិល។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានតែងតាំងមេធាវីម៉ិកស៊ិក លោកស្រី Karla Quintana ជាប្រធានស្ថាប័នឯករាជ្យ ស្តីពីអ្នកបាត់ខ្លួននៅក្នុងប្រទេសស៊ីរី ដើម្បីជួយស្វែងរកនិងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នៃការបាត់ខ្លួនក្នុងអំឡុងពេលសង្រ្គាមផងដែរ។ មានការប៉ាន់ប្រមាណថា មានមនុស្សជាង ១៥ម៉ឺននាក់ បានបាត់ខ្លួនក្នុងអំឡុងពេលសង្រ្គាមស៊ីវិល៕