សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន លេខាធិការ សមាជិក សមាជិកាពេញសិទ្ធិ និងបំរ៉ុងរបស់គណៈកម្មាធិការសាខា អនុសាខាទាំង៧ ក្រុង/ស្រុក ក្រុមប្រតិបត្តិសាខា សរុបចំនួនប្រមាណ៤០នាក់(ស្រី៩នាក់) ធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៤ និងពិភាក្សាលើផែនការការងារទិសដៅបន្តឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំធ្វើឡើងក្រោមរបៀបវារៈដូចខាងក្រោម៖
១.សេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលសកម្មភាពការងារនៃវិស័យអាទិភាពទាំងបួនក្នុងឆ្នាំ២០២៤
២.បង្ហាញផែនការសកម្មភាព ប្រៀបធៀបផែនការនឹងលទ្ធផលជាក់ស្តែង
៣.ពិនិត្យ ពិភាក្សា លើរបាយការណ៍សកម្មភាព
៤. សេចក្តីព្រាងរបាយការណ៍ចំណូល-ចំណាយ សមតុល្យថវិកា
៥.ពិនិត្យពិភាក្សា ផ្តល់មតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុ
៦.ការបង្ហាញសេចក្តីព្រាងផែនការចំណាយសម្រាប់ឆ្នាំ២០២៥ និងឆមាសទី១
៧.ពិនិត្យពិភាក្សា នឹងអនុម័ត លើផែនការចំណាយឆ្នាំ២០២៥
៨.ការងារផ្សេងៗ
ក្រោយកិច្ចពិភាក្សា អង្គប្រជុំបានកែសម្រួលសកម្មភាពមួយចំនួន និងអនុម័តលើរបាយការណ៍សកម្មភាពនៃវិស័យអាទិភាពទាំងបួន ជាមួយរបាយការណ៍ចំណូលចំណាយប្រចាំឆ្នាំ និងអនុម័តលើផែនការឆ្នាំ២០២៥របស់សាខា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកា សាខា អនុសាខាទាំង៧ក្រុង-ស្រុក ដែលបានខិតខំលះបង់ថវិកា និងកម្លាំងកាយចិត្តជាមួយសកម្មភាពមនុស្សធម៌សាខា ព្រមទាំងបានជម្រុញអោយក្រុមប្រតិបត្តិសាខា អនុសាខាបន្តតាមដាន និងស្រង់ទិន្នន័យប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ និងត្រៀមសម្ភារសម្រាប់ឆ្លើយតបអោយមានជាប្រចាំ ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានទាន់ពេលវេលា៕