ភ្លើងឆេះព្រៃ នៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី យ៉ាងសន្ធោសសន្ធៅ និងមិនអាចគ្រប់គ្រងបាន ខណៈអាជ្ញាធរឲ្យពលរដ្ឋជម្លៀសខ្លួនចេញ
កង់ប៉េរ៉ា៖ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋវ៉ិចតូរៀ(Victoria)នៃប្រទេសអូស្ត្រាលី បានឆាបឆេះយ៉ាងសន្ធោសសន្ធៅ និងមិនអាចគ្រប់គ្រងបាននៅថ្ងៃសៅរ៍ទី២១ធ្នូនេះ ខណៈអាជ្ញាធរបានចេញបញ្ជាជម្លៀសខ្លួនក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតសម្រាប់អ្នកស្រុករាប់រយនាក់នៅភាគខាងលិចនៃរដ្ឋ។
សេចក្តីជូនដំណឹងនេះ គឺសម្រាប់តំបន់មួយនៅជិតឧទ្យានជាតិ Grampians ប្រហែល២៤១គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋមែនប៊ន (Melbourne) និងរួមបញ្ចូលទីក្រុងជនបទដូចជា Halls Gap ដែលមានប្រជាជន៩៤៥នាក់។
ភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់រដ្ឋវ៉ិចតូរៀ បានអះអាងនៅលើគេហទំព័រថា៖«ការជម្លៀសចេញភ្លាមៗគឺជាជម្រើសដែលមានសុវត្ថិភាពបំផុត មុនពេលរាលដាលក្លាយជាគ្រោះថ្នាក់ខ្លាំង»។ ទីភ្នាក់ងារនេះបន្ថែមថា ភ្លើងដែលបានឆាបឆេះកាលពីថ្ងៃអង្គារដោយសាររន្ទះបាញ់ បានឆេះរីករាលដាលពេញមួយយប់ ហើយឥឡូវនេះបានឆេះអស់ជាង២៨០០០ហិកតា។
ជុំវិញបញ្ហានេះ អាជ្ញាធរបានព្រមានអំពីរដូវកាលភ្លើងឆេះព្រៃដែលមានហានិភ័យខ្ពស់ក្នុងរដូវក្ដៅនៅប្រទេសអូស្ត្រាលី។ ជាចុងក្រោយ សារព័ត៌មាន Australian Broadcasting Corp បានរាយការណ៍ថា អ្នកពន្លត់អគ្គិភ័យប្រហែល ៤០០នាក់កំពុងព្យាយាមពន្លត់អគ្គីភ័យនេះ ខណៈពួកគេប្រើប្រាស់រថក្រោះជាង ១០០គ្រឿង និងយន្តហោះ ២៥គ្រឿង។