សម្ដេចធិបតី៖ ការចុះវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស គឺទើបតែមាននៅក្រោយពេលកម្ពុជាមានសន្តិភាពពេញលេញ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការចុះវាស់វែង និងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស គឺទើបតែមាននៅក្រោយពេលកម្ពុជាមានសន្តិភាពពេញលេញនៅទូទាំងប្រទេសប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចធិបតី បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសបែបនេះ មិនធ្លាប់មានឡើយនៅមុនកម្ពុជាមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នឹងធ្វើឡើងនៅទូទាំងប្រទេស ខណៈកម្មវិធីនេះគឺជា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារាជរដ្ឋាភិបាលអាណត្តិថ្មីនិងខិតខំបន្តការអភិវឌ្ឍន៍ប្រទេសជាតិដើម្បីឆ្លើយតបនឹងការទុកចិត្តការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ ៕