ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពាធ ក្រុមហ៊ុនសម្បត្តិ សិរីវុឌ្ឍ អ៊ិនធើណេសិនណល ឯ.ក លក់ម៉ូតូអគ្គិសនី ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស ប្រមាណជា៥០នាក់ផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ពីប្រទេសមានសុខសន្តិភាព ហើយក្រុមហ៊ុនមានជំនឿទុកចិត្ត បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដាក់ទុនវិនិយោគ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែទូលំទូលាយនៅកម្ពុជា ដោយផ្តល់មកនូវគុណប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ដូចជា៖ សន្សំសំចៃថវិកា ងាយស្រួលក្នុងការជួសជុលថែទាំ ប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបំពុលបរិស្ថាន។
រាជរដ្ឋាភិបាលកម្ពុជាបានចេញ “គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” ការដាក់ចេញគោលនយោបាយក្នុងពេលនេះបានដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងទៅតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចកម្ពុជា។
លើសពីនេះទៅទៀត រាជរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥- ២០៥០ យុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងជាពិសេសកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គឺចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យាការកាត់បន្ថយការបំភាយកាបូន ព្រមទាំងតម្រូវការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ៕