លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន
ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងធ្វើសកម្មភាពដោយកម្លាំងប្រឆាំងនឹងក្រុម Houthi នៅក្នុងប្រទេសយេម៉ែន មួយថ្ងៃបន្ទាប់ពីក្រុមនេះបានបាញ់មីស៊ីលឆ្ពោះទៅកាន់តំបន់ Tel Aviv។
លោក Netanyahu បបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា៖ ដូចដែលយើងបានធ្វើសកម្មភាពដោយកម្លាំងប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ (ផ្សេងទៀត) នោះយើងនឹងធ្វើសកម្មភាពប្រឆាំងនឹងក្រុម Houthis ។
លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនមែនធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតមានទស្សនៈដូចគ្នាជាមួយអ៊ីស្រាអែលថា ក្រុមហ៊ូធីកំពុងបង្កការគំរាមកំហែងមិនត្រឹមតែដល់ការដឹកជញ្ជូនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែដល់សណ្តាប់ធ្នាប់ពិភពលោក។
លោក Netanyahu បានបន្ថែមថា ហេតុដូច្នេះហើយ យើងនឹងធ្វើដោយកម្លាំង ការតាំងចិត្ត និងភាពប៉ិនប្រសប់។ ទោះបីជាវាត្រូវការពេលវេលាក៏ដោយ លទ្ធផលនឹងដូចគ្នានឹងក្រុមភេរវករដទៃទៀតដែរ។
កាំជ្រួចរបស់ក្រុម Houthi បានវាយប្រហារសួនកុមារ និងអគារមួយក្នុងទីក្រុង Tel Aviv ពេញមួយយប់រវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយបានធ្វើឱ្យមនុស្ស ១៤នាក់រងរបួស និងបណ្តាលឱ្យខូចខាតអគារ នេះបើយោងតាមការអាប់ដេតចុងក្រោយពីសេវាសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល។
ការវាយប្រហាររបស់ក្រុម Houthi បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ដែលបានកំណត់គោលដៅទៅលើរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ក៏ដូចជាកំពង់ផែ Hodeidah, As-Salif និង Ras Issa។ ការវាយប្រហារដែលយោធាអ៊ីស្រាអែលបាននិយាយថា មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធក្រុម Houthi បានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់។