យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់
ភ្នំពេញ៖ យុវជនពីរនាក់ ត្រូវបានរង់នូវការវាយដំរហូតរបួសធ្ងន់ម្នាក់ និងម្នាក់ស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ រហូតដល់ឪពុកនារីរងគ្រោះនាំអ្នកភូមិយកដំបងវាយដំ បង្កជាអំពើហិង្សា កាលពីវេលាម៉ោង១៩:០០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានករណីហិង្សាបណ្ដាលឱ្យបុរសម្នាក់ ឈ្មោះ សុក វីន ហៅម៉ាប់ អាយុ២៨ឆ្នាំ បានរងរបួសដោយវត្ថុរឹងវាយចំកញ្ជឹង-ក បណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។
ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ព្រមទាំងធ្វើស្រាវជ្រាវទាំងយប់រហូតឈានដល់ការចាប់ឃាត់ខ្លួនបុរសជនដៃដល់ចំនួន២នាក់រួមមាន៖ ទី១,ឈ្មោះ សឿន ដារ៉ូ អាយុ៣២ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត និងទី២,ឈ្មោះ អាន គឹមហឿន អាយុ៤៥ឆ្នាំ មានមុខរបរជាអ្នកយាមដី និងជាឪពុកនារីរងការបំពានរាងកាយពីសំណាក់យុវជនាំទងពីរ ដើម្បីនាំខ្លួនយកទៅសាកសួរព័ត៌មាន។
បន្ទាប់ពីសួរចម្លើយ និងធ្វើកំណត់ហេតុរួច នៅចំពោះសមត្ថកិច្ច ជនដៃដល់ទាំង២នាក់ បានឆ្លើយសារភាពថា មូលហេតុដែលឈានទៅដល់ការធ្វើសកម្មភាពហិង្សាវាយដំទៅលើបុរសពីរនាក់ខាងលើ គឺដោយសារតែពួកគេបាននាំគ្នាផឹកស្រាស្រវឹង ហើយបំពានរាងកាយកូនស្រីរបស់ខ្លួន ពោលគឺបុរាទាំងពីរនាក់នោះបានទៅចាប់ដៃជើងកូនស្រីជនបង្ក (ឈ្មោះ អាន គឹមហឿន)នៅកណ្តាលផ្លូវ ក្រោយមកកូនស្រីបានរត់មកប្រាប់បុរសជាឪពុក ទើបកើតចេញជាភ្លើងកំហឹង ហើយក៏បានចេញពីផ្ទះជាមួយអ្នកភូមិម្នាក់ទៀត និងបានធ្វើសកម្មភាពយកដំបងវាយទៅលើបុរសទាំងពីរនាក់នោះតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។
ទោះជាយ៉ាងណា មហាជនបានសម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់បុរសជាឪពុក និងអ្នកភូមិម្នាក់ទៀត ដែលបានយកដំបងទៅវាយដំលើជនរងគ្រោះទាំងពីរនាក់រហូតស្លាប់ និងរបួសធ្ងន់ ដោយគ្រាន់តែជឿលើសម្តីកូនស្រីតែមួយមាត់ បង្កកំហុសឱ្យខ្លួនត្រូវជាប់ទោសទណ្ឌតាមច្បាប់មនុស្សឃាត ខណៈករណីខាងលើ អាចមានវិធីសាស្ដ្រដោះស្រាយ ដោយគ្រាន់តែទៅប្តឹងសមត្ថកិច្ចឱ្យចាត់វិធានការច្បាប់ទៅលើជនទាំងពីរនាក់នោះ គឺជាការស្រេច មិនគួរកាត់ទោសប្រហារជីវិតអ្នកដទៃក្រៅប្រព័ន្ធតុលាការ តាមរយៈកំហឹងមួយពេលរបស់ខ្លួនបែបនេះឡើយ។ ករណីខាងលើ ក៏អាចជាមេរៀនមួយដល់អ្នកឯទៀត ដែលមិនអាចទប់នឹងភ្លើងកំហឹងបាន ទីបំផុតក៏ត្រូវរងគ្រោះព្រោះតែសកម្មភាពខ្វះការពិចារណាឱ្យបានល្អិតល្អន់របស់ខ្លួននេះដែរ៕