ទីលានទុកដាក់សំរាម ក្រុងកំពង់ចាមថ្មី ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
ភ្នំពេញ៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា បរិមាណសំរាមមានការកើនឡើង ជាប្រចាំថ្ងៃនៅក្នុងខេត្តកំពង់ចាម ដែលធ្វើឲ្យទីលាន ទុកដាក់សំរាមបច្ចុប្បន្ន មិនអាចធានាបាននូវកាទុកដាក់សំរាមប្រកបដោយសុវត្ថិភាព និងចិរភាព។
ឯកឧត្តម អភិបាលខេត្ត បន្តថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ក្នុងការដោះស្រាយផលប៉ះពាល់បរិស្ថាន ក្នុងន័យដំណើរប្រទេសជាតិឆ្ពោះទៅរក “បរិស្ថានរូបវន្ត និង ធម្មជាតិប្រកបដោយ សុខដុមភាព, ភាពធន់, បរិយាបន្ន” សម្រាប់ការរស់នៅប្រកបដោយ ផាសុកភាព ទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជ្រើសរើសយកខេត្តកំពង់ចាម អនុវត្តគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គ ជំហានទី៤ ដែលបានសម្រេចសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ស្របតាមស្តង់បច្ចេកទេសក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ បានមានប្រសាសន៍ផងដែរថា ទីលានទុកដាក់សំរាមមានសារៈសំខាន់ណាស់ ព្រោះសំរាមជាវត្ថុធាតុដើមដ៏មានសារៈសំខាន់ ដែលអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋ តាមរយៈការញ៉ែកសំរាម និងកែច្នៃទៅជាគុណប្រយោជន៍ សម្រាប់ការប្រើប្រាស់ផ្សេងៗ។ ជាងនេះទៅទៀត ទីលានទុកដាក់សំរាមនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។
គូសបញ្ជាក់ផងដែរថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ។
សូមជម្រាបផងដែរថា ពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ៕