ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្តតាក ត្រូវបានបិទជាបណ្តោះអាសន្ន មួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអាសន្នរោគ
បាងកក៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក ភូមថាំ វេចយ៉ាឆៃ បានប្រកាសកាលពីថ្ងៃចន្ទទី២៣ ខែធ្នូថា ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្តតាក(Tak) ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអាសន្នរោគ។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា មនុស្ស៣០០នាក់នៅក្រុងស្វេកូកកូ Shwe Kokko បានកើតជំងឺអាសន្នរោគ និងពីរនាក់បានស្លាប់។ មានសេចក្តីរាយការណ៍មកថា អ្នកជំងឺចំនួន៥៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្វេកូកកូ ហើយករណីសង្ស័យចំនួន២ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តតាក។
លោក ភូមថាំ បានប្រាប់សារព័ត៌មាននៅទីស្នាក់ការក្រសួងការពារជាតិ នៅរាជធានីបាងកកថា ក្រសួងការពារជាតិ និងសុខភាពសាធារណៈ និងកងយោធពលភូមិន្ទថៃ កំពុងធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងការផ្ទុះឡើង។ លោកថា ទាហានក្នុងតំបន់នឹងជួយតាមដានស្ថានការណ៍ រួមទាំងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងកន្លែងធ្វើចត្តាឡីស័កតាមបណ្តោយព្រំដែន។
លោកបានពន្យល់ថា ភ្នាក់ងារពាក់ព័ន្ធកំពុងលើកកម្ពស់ការយល់ដឹងអំពីជំងឺអាសន្នរោគ ការចែកចាយស្រោមដៃ និងរបាំងមុខ និងការលើកកម្ពស់អនាម័យនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ លោកបានថ្លែងថា៖«យើងបានប្រកាសថា ព្រំដែននឹងត្រូវបិទជាបណ្ដោះអាសន្នរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ»។