ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក ៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ នាចុងខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងន័យចូលរួមថែរក្សា និងផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរនៃយើង ឱ្យយុវជនជំនាន់ក្រោយ និងទេសចរបរទេស បានស្គាល់ពីកេរមរតកដែលមានតាំងពីបុរាណកាលមួយនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន AIAI ដឹកនាំដោយ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរីនៅខេត្តសៀមរាបនេះ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ព្រលានចាស់) ក្នុងន័យផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរយើងដែលមានតាំងពីបុរាណកាល ឱ្យយុវជនជំនាន់ក្រោយ រួមនិងភ្ញៀវទេសចរបរទេស បានស្គាល់កាន់តែច្បាស់ និងចូលរួមថែរក្សា និងផ្សព្វផ្សាយបន្ថែមទៀត។
លោកអភិបាលរងខេត្ត បន្តថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាចំណែកមួយរបស់សាធារណជនទូទៅ ក្នុងការចូលរួមថែរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ខ្មែរយើង និងស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។ ក្នុងន័យនេះ សូមស្នើដល់មន្ទីរអង្គភាពក្នុងខេត្ត សហការជាមួយអ្នកពាក់ព័ន្ធឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍មួយនេះ មានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងអនាម័យល្អ ទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ។
បើតាម លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា មកទល់ពេលនេះខ្លែងដែលចុះឈ្មោះចំនួន ៥០០ខ្លែង ក្នុងនោះខ្លែងឯក១១៧ខ្លែង ខ្លែងសេរី៨៨ខ្លែង និងខ្លែងតូចៗ ៣០០ខ្លែង ហើយក៏មានអ្នកលេងខ្លែងនៅតាមបណ្ដាលខេត្តផ្សេងៗ ចូលរួមផងដែរ។ ចំពោះអ្នកដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចស្នើសុំពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាន។
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណ និងសម័យ នាពេលរាត្រី និងការបង្ហាត់បង្ហាញអំពីរបៀបនៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាបផងដែរ៕