អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ពាក្យ «កីឡារស់ក្នុងសន្តិភាព» គឺមានន័យគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជា ដោយតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ ហើយបើប្រទេសជាតិមានសង្គ្រាមនោះ យើងមិនអាចលេងកីឡាបាននោះទេ។
នាឱកាសដែលសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡាដ្ឋានមរតកតេជោ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក កើត ឆែ បានបញ្ជាក់ទៀតថា ជាក់ស្តែង ប្រទេសអ៊ុយក្រែន ប្រទេសសេរី គឺអត់មានការប្រកួតកីឡានោះទេ សូម្បីតែទេសចរក៏គេមិនទៅដែរ ដូចនេះហើយពេលមានសន្តិភាព ទើបមានអ្វីៗ ទាំងអស់ ហើយអ្វីៗទាំងអស់នោះគឺមានទាំងពីជីវិត មានទាំងប្រជាធិបតេយ្យ មានទាំងសិទ្ធិសេរីភាព ដូចនេះហើយមានសន្តិភាពទើបមានអ្វីៗគ្រប់បែបយ៉ាងដែលសន្តិភាពនេះជាសម្បត្តិគ្រប់បែបយ៉ាង ដែលមិនអាចកាត់ថ្លៃ និងកំណត់តម្លៃបាននោះទេ៕