កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី
ដាម៉ាស៖ មេដឹកនាំបណ្តោះអាសន្នស៉ីរី លោក Ahmed al-Sharaa បានឱ្យដឹងថា កាតាត្រៀមខ្លួនរួចរាល់ក្នុងការវិនិយោគ លើវិស័យថាមពល និងកំពង់ផែរបស់ស៉ីរី ខណៈដែលហ៊្សកដានី ក៏នឹងជួយដល់ស៉ីរី លើការកសាងប្រទេសឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ ២០២៤។
ការបញ្ជាក់របស់លោក Sharaa ធ្វើឡើងបន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកាតា លោក Mohammed Al-Khulaifi ក៏ដូចជារដ្ឋមន្រ្តីការបរទេសហ៊្សកដានី លោក Ayman al-Safadi នៅទីក្រុងដាម៉ាស កាលពីថ្ងៃចន្ទ ខណៈរដ្ឋបាលថ្មីរបស់លោក កំពុងពង្រីកទំនាក់ទំនងជាមួយបណ្តារដ្ឋអារ៉ាប់ ក្រោយការផ្តួលរលំរបបលោក Bashar al-Assad។
លោក Khulaifi បានឲ្យដឹងថា កាតាដែលជាប្រទេសនាំចេញឧស្ម័ន LNG ធំជាងគេលំដាប់ទី ៣របស់ពិភពលោក នឹងបន្តគាំទ្រស៉ីរីក្នុងពេលនេះ និងពេលផ្សេងទៀត។ ស៉ីរី និងប្រជាជនរបស់ខ្លួនត្រូវការការគាំទ្រក្នុងដំណាក់កាលដ៏សំខាន់ ជាពិសេសទាក់ទងនឹងការដកទណ្ឌកម្ម រួមទាំងគម្រោងអភិវឌ្ឍន៍នាពេលខាងមុខ។
ដោយឡែក លោក Safadi បានបញ្ជាក់ថា ស្ថិរភាពរបស់ស៉ីរី គឺជាកង្វល់សន្តិសុខសំខាន់មួយសម្រាប់ហ៊្សកដានី ដែលមានព្រំប្រទល់ជាប់គ្នានៅភាគខាងត្បូង។ ខ្ញុំផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ ហើយហ្ស៊កដានីនឹងផ្តល់ជំនួយ ដើម្បីឱ្យរដ្ឋបាលស៉ីរីថ្មីមានឱកាសអភិវឌ្ឍផែនការរបស់ខ្លួន។