រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបង្ហោះសារនៅក្នុងគណនីរបស់ឯកឧត្តម នាថ្ងៃទី២៥ ខែធ្នូនេះ ថា៖ «ថ្ងៃនេះ ខ្ញុំសូមលើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា (អតីតឧកញ៉ា)។
សំណុំរឿងនេះ បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដែលថ្កោលទោសយ៉ាងខ្លាំងចំពោះឃាតកម្មដ៏សាហាវឃោរឃៅនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាដោយផ្ទាល់ឱ្យខ្ញុំ ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ត្រូវតាមដានការអនុវត្តច្បាប់លើករណីនេះ ពិសេស គឺ ធានាបានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែ ត្រឹមត្រូវតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែបានផ្តល់ការជួយឧបត្ថម្ភដល់អ្នករងគ្រោះក្នុងហេតុការណ៍ឃាតកម្មដ៏សាហាវនេះទេ ថែមទាំងបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនឱ្យជួយការពាររឿងក្តីនេះ ដោយយកចិត្តទុកដាក់ជាទីបំផុតទៀតផង។
ទីបំផុត, នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤, យុត្តិធម៌ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ គឺបានមកដល់ហើយ។ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ក្តីរឿងនេះ ដោយសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ ដែលសរុបទាំង ៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ, អ្នករងរបួសធ្ងន់ចំនួន ៣០ ម៉ឺនដុល្លារ និង អ្នករងគ្រោះស្រាលចំនួន ២០ ម៉ឺនដុល្លារ។
ខ្ញុំសូមសម្តែងនូវការអរគុណ និង ការកោតសរសើរចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រកាន់ខ្ជាប់នូវគោលជំហរនៃការអនុវត្តច្បាប់ដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះទាំងឡាយនៅក្នុងករណីឃាតកម្មនេះ។
សម្រាប់ខ្ញុំ, នេះ អាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការ មិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែ ថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១ លានដុល្លារ ក្នុងមួយគ្រួសារ។ ខ្ញុំគិតថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការសម្រេចសេចក្តីនេះ គឺ ៖ (ទី១). “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការ ត្រូវប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែ ភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វីដែលច្បាប់ជាធរមានបានកំណត់ ដើម្បីផ្តល់យុត្តិធម៌តាមច្បាប់ជូនដល់ជនរងគ្រោះ និង (ទី២). “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តី ទាំងលើការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ទាំងលើការសងសំណងជំងឺចិត្ត ១ លានដុល្លារ ដែលជាសំណងដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិនៃការកាត់ក្តីទាក់ទងនឹងរឿងឃាតកម្ម។ ជាការពិត, សំណងដល់ ១ លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតមិនអាចកាត់ថ្លៃបានរបស់យុវជនទាំងពីររូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែ នេះ ជាអ្វីដែល “យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ ផ្អែកតាម “គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និង បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ ខ្ញុំសូមបញ្ជាក់ជូនថា “គោលការណ៍សមទណ្ឌោ” នេះ ជាគោលការណ៍មួយនៅក្នុង ពាក្យសច្ចាប្រណិធានដែលចៅក្រមទាំងអស់ ត្រូវស្បថមុនចូលកាន់តំណែង។
ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ដែលទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី លើរឿងនេះតាំងពីដំណាក់កាលដំបូង, ខ្ញុំនឹងបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះជាបន្តទៀត មិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែ នឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេស គឺ អ្វីដែលខ្ញុំបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅនេះក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។
ខ្ញុំក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ។ សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានឈឺឆ្អាលចំពោះរឿងនេះ និង បានទទួលយកការពន្យល់ និងបកស្រាយរបស់ខ្ញុំ នាពេលសន្និសីទសារព័ត៌មានលើករណីឃាតកម្មដ៏ឃោរឃៅដែលប្រព្រឹត្តដោយឧក្រិដ្ឋជនឈ្មោះ ស្រី សីណា ហើយទុកឱកាសឱ្យតុលាការធ្វើកិច្ចការនេះ ដោយការទទួលខុសត្រូវខ្ពស់ ទៅតាមច្បាប់ និង នីតិវិធី រហូតបានចេញជាសាលក្រម កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ៕