សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ចែកជូនអ្នកជំងឺ ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក
ភ្នំពេញ៖ បន្ទាប់ពីជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាជនងាយរងគ្រោះបំផុត ១.៤០៩គ្រួសារ នៅក្នុងក្រុងរុនតាឯកតេជោសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់អ្នកជំងឺ និងស្ត្រីមានផ្ទៃពោះត្រៀមសម្រាល ព្រមទាំងស្ត្រីទើបសម្រាលកូនរួច សរុបចំនួន ៣១នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ដែលស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
អ្នកជំងឺ និងស្ត្រីជាមាតាទាំង ៣១នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី ១កេស, ត្រីខ ១០កំប៉ុង, ស្ករស ១គីឡូក្រាម, ទឹកដោះគោខាប់ ២កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, និងថវិកា ១០ម៉ឺនរៀល។ ដោយឡែក ប្រជាជនដែលមកពិនិត្យសុខភាពទូទៅ ចំនួន ៣០នាក់ទៀត ទទួលបានក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល៕