ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់បានលើកឡើងថា ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម។ ដោយឡែកយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ មានសំណង់អគារចាស់ទ្រុឌទ្រោម មិនក្រោមជាង២០០អគារទេ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំករណីលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ នៅដើមសប្ដាហ៍នេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ទៅកាន់អ្នកចូលរួមថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានយន្តការក្នុងការដោះស្រាយ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយការគិតគូរឱ្យមានការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជាជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជាឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅមុខបានដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធយកករណីអគារអតីតសណ្ឋាគារអង្គរមានជ័យ គឺជាការដកបទពិសោធន៍ សម្រាប់ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាក្រុង ខេត្តនានា ដូចជា ក្រុងបាត់ដំបង ខេត្តព្រះសីហនុ ជាអាទិ៍។
សូមជម្រាបថា អគារអង្គរជ័យមានកម្ពស់៦ជាន់ ស្ថិតនៅកាច់ជ្រុងមហាវិថីកម្ពុជាក្រោម និងមុនីវង្សរាជធានីភ្នំពេញ។អគារនេះមានអាយុកាលជាង ៧០ ឆ្នាំ និងមានប្រជាពលរដ្ឋសរុបចំនួន ៦៦ គ្រួសារ។អគារនេះមានសភាពទ្រុឌទ្រោមខ្លាំង ។ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ។ ពួកគេបានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ។
នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗទ្រុឌទ្រោមមិនក្រោមចំនួនជាង២០០ទីតាំងទេ ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ៕