អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន
ភ្នំពេញ៖ ឆ្លងកាត់ប្រវត្តិសាស្ត្រ ដ៏យូរលង់ណាស់មកហើយ ទំនាក់ទំនងកម្ពុជាចិនត្រូវបានស្ថិតក្នុងក្រសែភ្នែកពិភពលោក ហើយគត់សម្គាល់ថា មានភាពរីកចម្រើនទ្វេដងលើគ្រប់វិស័យទាំងអស់ ដែលនេះឆ្លុះបញ្ចាំងកាន់តែច្បាស់ពីចំណងមិត្តភាពដែកថែបភាពជាបងប្អូននៃប្រទេសយើងទាំងពីរ។
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ពោលគឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២៤នឹងត្រូវបញ្ចប់ ហើយបន្តចូលឆ្នាំថ្មីគឺឆ្នាំ២០២៥។ ពេញមួយឆ្នាំ២០២៤នេះ កម្ពុជាចិនបានកសាងចំណងមិត្ត ភាពមិនចាញ់ឆ្នាំមុនៗឡើយ ដោយបន្សល់ទុកនូវសមិទ្ធផលជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកលូតលាស់លើគ្រប់វិស័យទាំងអស់។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនមានប្រសាសន៍ថាឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរបានទទួលអំណពេញ១ឆ្នាំនូវសកម្មភាពដ៏ច្រើនលើសលុបនៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំងនូវភាពកាន់តែរឹងមាំខ្លាំងឡើងនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតកនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។ ប្រជាជនជាង១៥លាននាក់របស់កម្ពុជា និងជាង១ពាន់៤រយលាននាក់របស់ចិន ពីថ្នាក់ដឹកនាំដល់ប្រជាជនទូទៅ ពីទីក្រុងដល់ជនបទ ពីទីផ្សារដល់ជនបទដាច់ស្រយាល ពីប្រជាជនវ័យចំណាស់ដល់កុមារ បានវិញត្របាញ់ចូលគ្នា ដោយទាំងអស់គ្នាសុទ្ធសឹងបានដក់ជាប់នូវសកម្មភាពនៃការផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន។ លោកបណ្ឌិតបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនេះផ្តល់នូវផលប្រយោជន៍៤យ៉ាងគឺ៖
លោកបណ្ឌិតបញ្ជាក់ថា ៖ទំនាក់ទំនងដ៏ល្អនេះបានាំមកនូវផលប្រយោជន៍ «1- ពង្រីកកិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍សន្តិភាពនិយម និងពហុភាគីនិយមសម្រាប់ថែរក្សាយ៉ាងរឹងមាំនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ សម្រាប់រួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។ 2- ពង្រឹងចំណងទាក់ទងមេត្រីភាពកាន់តែរឹងមាំនៃទំនាក់ទំនងដែកថែបកម្ពុជា-ចិនដែលបានទទួលបន្តមរតកដោយថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ព្រមទាំងរួមកម្លាំងគ្នាដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជានិងចិន ក្នុងយុគសម័យថ្មី ដោយបន្ថែមបៃតងភាពដល់ដើមឈើនៃមិត្តភាពកម្ពុជា-ចិន។ 3-ពន្លាតទំនាក់ទំនងជាប្រពៃណីរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ ដើម្បីបង្កើនទាំងបរិមាណ និងគុណភាពនៃវិនិយោគិន និងទេសចរ ដោយត្រៀមខ្លួនសម្រាប់ការទទួលអំណរឆ្នាំ២០២៥ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលជាមាសបៃតងសម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ស៊ីជាមួយគំនិតផ្តួចផ្តើមទាំង៤របស់ប្រទេសចិន។ 4- រួមគ្នាក្នុងការផ្ដល់ផលប្រយោជន៍កាន់តែច្រើន កាន់តែធំ តាមគោលការណ៍នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។»
ក្នុងនាមជាអ្នកស្រាវជ្រាវ លោកបណ្ឌិតជា មុនីឫទ្ធិបានកត់សម្គាល់ឃើញថា ទំនាក់ទំនងកម្ពុជានិងចិនគឺជាទំនាក់ទំនងគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដែលប្រសូតចេញពីទំនាក់ទំនងដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះទាំងអស់គ្នា៖
លោកបណ្ឌិតបញ្ជាក់ដូច្នេះថា ៖ « 1- ពីមួយជំនាន់ទៅមួយជំនាន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែរឹងមាំ ដែលជាការរំលេចឱ្យឃើញនូវគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដែលប្រសូតចេញពីទំនាក់ទំនងដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះ ធ្វើជាមូលដ្ឋាន។ 2- ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានបោះជំហានយ៉ាងស្វាហាប់ក្នុងរង្វង់កិច្ចសហប្រតិបត្តិការសន្តិភាព និងឈ្នះ-ឈ្នះ ដើម្បីផ្តល់ប្រយោជន៍កាន់តែធំដល់ការអភិវឌ្ឍសង្គមជាតិរៀងៗខ្លួនដោយឈរយ៉ាងរឹងមាំនៃការតម្កល់ផលប្រយោជន៍ជូនដល់ប្រជាជនជាអាទិភាព។ 3- ប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន បង្កើនសកម្មភាពបុរេសកម្មក្នុងការរឹតចំណងកាន់តែខ្លាំងក្លានៃមិត្តភាពរវាងប្រទេសយើងទាំងពីរ។ 4- ប្រជាជនយើងទាំងពីរប្រទេសបានរៀនសូត្រពីគ្នាទៅវិញទៅមកនូវគោលការណ៍និងមាគ៌ាអភិវឌ្ឍតាមបែបផែនរៀងៗខ្លួន ហើយជួយគ្នាទៅវិញទៅមក ប្រកៀកស្មាគ្នា កាន់ដៃគ្នាយ៉ាងណែនដើម្បីធ្វើដំណើររួមគ្នានៅលើវិថីល្បឿនលឿននៃការអភិវឌ្ឍ។»
លោកជា ធីរិទ្ធ សាស្រ្តាចារ្យ នីតិអន្តរជាតិសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាបេក្ខជនបណ្ឌិតជំនាញនីតិអន្តរជាតិសាធារណៈកំពុងសិក្សានៅប្រទេសចិនបានលើកឡើងថា ទំនាក់ទំនងកម្ពុជាចិននៅឆ្នាំ២០២៤នេះ បានឈានដល់កម្រិតកំពូល ដោយភាគីទាំងពីរខិតខំពូនជ្រុំ ពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពលើគ្រប់វិស័យ។ សម្រាប់ឆ្នាំ២០២៤ គណៈប្រតិភូមកពីស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានដល់កម្រិតកំពូលលើគ្រប់វិស័យ៖