ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែងនោះទេ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមជួយរាយការណ៍ដល់សមត្ថកិច្ចនៅពេលឃើញមានករណីក្មេងទំនើងកើតឡើង។
ការស្នើរបស់ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា កាលពីថ្មីៗនេះមានករណីកើតឡើងដោយហិង្សាយ៉ាងសាហាវមួយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង២ទាបភ្លឺ ស្ថិតនៅក្នុងភូមិរហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែល ប្រព្រឹត្តដោយក្មេងទំនើងមួយក្រុមយកកំាបិតផ្គាក់ កាប់លើជន រងគ្រោះបណ្តាលឱ្យមានរបួសធ្ងន់ ស្រាលចំនួន២នាក់។ បច្ចុប្បន្ននេះ សមត្ថកិច្ចបានចាប់ខ្លួនសង្ស័យចំនួន៣នាក់ និងកំពុងតាមចាប់ខ្លួនជនដៃដល់ផ្សេងទៀតដែលមានគ្នាសរុប១១នាក់។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ដោយសារតែឃើញហេតុការដ៏សាហាវនេះទើបធ្វើ ក្រសួងយុត្តិធម៌បានធ្វើសន្និសីទសារព័ត៌មានដើម្បីបំភ្លឺដល់ជនរួមជាតិអំពីចំណាត់ការផ្លូវច្បាប់ដែលដាក់ចេញដោយសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាចំណាត់ការរបស់ក្រសួងយុត្តិធម៌។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានជម្រាបជូនថា ផ្អែកតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌បានធ្វើការប្រជុំជាមួយប្រធានតុលាការ អយ្យការនៅទូទាំងប្រទេស និងបានណែនាំឱ្យប្រធានតុលាការ និងអយ្យការអមសាលាដំបូងទាំងអស់ប្រកាន់យកជំហរឱ្យម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ចំពោះក្មេងទំនើង។
ឯកឧត្តមបណ្ឌិត បានបន្ដថា នៅក្នុងសន្និបាតរបស់ក្រសួងយុត្តិធម៌ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានជំរុញដល់តុលាការ និងអយ្យការ ត្រូវយកចិត្តទុកដាក់ចំនួន៤ចំណុច៖
ទី១៖ ធ្វើសម្រង់បញ្ជីពាក់ព័ន្ធ នឹងក្មេងទំនើង ដោយចាប់ពីខែមករាឆ្នាំ២០២៤ ទាំងក្នុងតំណាក់កាលតុលាការ អយ្យការ និងតំណាក់កាលជំនុំជម្រះក្ដីរួច។ នៅក្នុងសំណុំរឿងដែលកាត់ក្តីហើយ ត្រូវបញ្ជាក់អំពីទោស ដែលបានប្រកាស។
ទី២៖ ណែនាំនិងជំរុញអំពីការអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ និងគ្មានការលើកលែង។
ទី៣៖ ព្រះរាជអាជ្ញា ដែលមានភារកិច្ចជាសេនាធិការ ត្រូវចាត់ទុកជាផ្នែកមួយក្នុងការដឹកនាំនយោបាយព្រហ្មទណ្ឌចំពោះក្មេងទំនើង ហើយត្រូវបង្កើនការយកចិត្តទុកដាក់។
ទី៤៖ ស្ថាប័នអយ្យការ តុលាការ ត្រូវធ្វើសេចក្តីប្រកាសចំពោះចំណាត់ការរបស់ខ្លួន លើក្មេងទំនើងក្រោមដែន សមត្ថកិច្ចរបស់ខ្លួន ហើយធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក៏បានបញ្ជាក់ផងដែរថា ចំពោះការអនុវត្តបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងចំណាត់ការរបស់ក្រសួងយុត្តិធម៌សំណុំក្មេងទំនើងនៅទូទាំងប្រទេសមកដល់ពេលនេះ មានចំនួន ២.១១៥សំណុំរឿង និងបានឃុំខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតចំនួន ២.៨៤៩រូប។ ទន្ទឹមនេះ ករណីក្មេងទំនើងនេះ ក៏ត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទល្មើស និងផ្ដន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនា, ធ្វើឱ្យខូចខាតដោយចេតនាមាន ស្ថានទម្ងន់ទោស, ហិង្សាដោយចេតនា, ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម។
ឯកឧត្តមបណ្ឌិត បានអះអាងថា បើតាមការពិនិត្យចំពោះបទល្មើសរបស់ក្មេងទំនើង ភាគច្រើនកើតចេញពីការសេពគប់មិត្តខុស ដើរលេង ស៊ីផឹកពេលយប់ គំនុំគំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿង ញៀនជាដើម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបន្ថែមថា បន្ទាប់ពីអនុវត្តន៍ចំណាត់ការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីមក ករណីក្មេងទំនើងមានការថយចុះ ដោយនៅតាមខេត្ត ដំបូងមានសំណុំរឿងចំនួន ៦២៧សំណុំរឿងហើយនៅរយៈពេលចុងក្រោយ មកដល់ពេលនេះមានតែជំនួន ៣៤២សំណុំរឿង។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះហាក់ដូចមានការកើនឡើងវិញ ដូចជាករណីនៅខេត្តតាកែវ ប៉ុន្មានថ្ងៃមុនជាដើម។
ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា ការងារក្មេងទំនើងនេះត្រូវបានយកចិត្តទុកដាក់ពិសេសនោះសម្តេចធិបតី បានប្រកាសដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្ថាប័នតុលាការ ស្ថាប័នអយ្យការត្រូវតែធ្វើការអនុវត្តឱ្យម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ហើយការធ្វើបែបនេះដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ៕