ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់
ភ្នំពេញ៖ ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា រយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក នៅកម្ពុជា មានសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង និងឃាត់ខ្លួនជនសង្ស័យ៣,៣០០នាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្ដម កេង សុម៉ារិទ្ធ បានបញ្ជាក់ថា «ជាង៧ខែ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធក្មេងទំនើង ដែលបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានី/ខេត្ត មានសរុប៧២០សំណុំរឿង និងបានចាត់ការសំណុំរឿងទូទាំងប្រទេសបានចំនួន៧១៥សំណុំរឿង ស្មើនឹង៩៩.៣០% និងឃាត់ខ្លួនមនុស្ស ៣,៣០០នាក់»។
ឯកឧត្ដម កេង សុម៉ារិទ្ធ បានឱ្យដឹងទៀតថា ក្នុងចំណោមសំណុំរឿងដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរទាំងអស់ គឺបានចាត់ការចំនួន៥១០សំណុំរឿង ដែលស្មើនឹង ៦១.១០ភាគរយ ហើយសំណុំរឿងដែលនៅសល់មានចំនួន២៨០សំណុំរឿង ស្មើនឹង៣៥.៩០ភាគរយ។
សូមរំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕