ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង
ភ្នំពេញ៖ ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា រយៈពេលជាង៧ខែមកនេះ ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង ខណៈរាជធានីភ្នំពេញ មានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មកមានកំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ និងសៀមរាប ចំណែកកែប ប៉ៃលិន និងព្រះវិហារ មានចំនួនតិច។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្ដម កេង សុម៉ារិទ្ធ បានឱ្យដឹងថា រយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក នៅកម្ពុជា មានសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ៣,៣០០នាក់។
ឯកឧត្ដម កេង សុម៉ារិទ្ធបន្តថា ក្នុងរយៈពេល២១២ថ្ងៃ ឬប្រមាណ៧ខែកន្លងមកនេះ ដោយគិតត្រឹមថ្ងៃទី២០ ខែធ្នូ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្មេងទំនើង ដែលត្រូវបានបញ្ជូនទៅសាលាដំបូង និងអយ្យកាសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស មានសរុប៧២០សំណុំរឿង ដោយចាត់ការបាន៧១៥សំណុំរឿង ស្មើនឹង៩៩,៣០ភាគរយ។
សូមរំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕