គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារកើន២.២% ធៀបនឹងឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់ធនគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាស ក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រ ដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។
តាមរបាយការណ៍បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងវិស័យសេដ្ឋកិច្ចមានចំនួន២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង៦០.៩ ប៊ីលានដុល្លារអាមេរិក) កើន២.២% ធៀបនឹងឆ្នាំមុន។
ការកើនឡើងនេះរួមចំណែកចម្បង ដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត ៕