នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលកំពុងធ្វើរាល់ថ្ងៃ លើកិច្ចការងារកសាងជាតិ និងការពារបូរណភាពទឹកដីនេះ។
ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែន ត្រូវដោះស្រាយតាមរយៈសន្តិវិធី ដោយការចរចា ហើយការការពារជាតិ មិនមែនជាការស្រែកហ្វេសបុកនោះទេ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការស្រលាញ់ជាតិ អ្នកណាក៏ស្រលាញ់ដែរ តែសកម្មភាព និងការស្រលាញ់មិនត្រូវឱ្យបែកបាក់ជាតិនោះទេ ៕