សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត សូមកុំបន្ធូរដៃចំពោះករណីក្មេងទំនើងនេះ នៅតាមមូលដ្ឋាន ហើយត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន។
សម្តេចធិបតី បានណែនាំបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ករណីក្មេងទំនើងក្រោយការបង្ក្រាបបានស្ងាត់មួយរយៈ ពេលនេះហាក់បីដូចជាស្រើបឡើងវិញ ខណៈបច្ចុប្បន្នមានក្មេងទំនើងជាង២ពាន់នាក់កំពុងជាប់ឃុំ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បើច្បាប់ដាក់ទោសទណ្ឌចំពោះករណីក្មេងទំនើងនេះបើនៅមានទោសទណ្ឌស្រាលពេក ក្រសួងយុត្តិធម៌គួរធ្វើវិសោធនកម្មបន្ថែមទោសទណ្ឌលើករណីនេះ ៕