មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau
អាស្តាណា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមមន្ត្រីនៅក្នុងប្រទេសកាហ្សាក់ស្ថាន បានឱ្យដឹងថាមនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅ ក្បែរទីក្រុង Aktau កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ បន្ទាប់ពីបង្វែរទិសដៅហោះហើរចេញពីតំបន់មួយរបស់រុស្ស៉ី ដែលមូស្គូកាលពីពេលថ្មីៗនេះទប់ទល់នឹងការវាយប្រហារដោយដ្រូន ពីសំណាក់អ៊ុយក្រែន។
យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines។ ដោយឡែក បើតាមសេចក្តីថ្លែងការណ៍របស់អាកាសចរណ៍អាស៊ែបៃហ្សង់ យន្តហោះ Embracer 190 ជើងហោះហើរ លេខ J2-8243 មានគោលដៅធ្វើដំណើរចេញពីរដ្ឋធានី Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ដែលជា រដ្ឋធានីនៃតំបន់ Chechnya របស់ប្រទេស រុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់កាហ្សាក់ស្ថាន។
គួរបញ្ជាក់ថា យន្ដហោះខាងលើ ផ្ទុកអ្នកដំណើរ ៦៧នាក់ និងក្រុមការងារយន្តហោះផ្ទាល់ ចំនួន៥នាក់ ហើយបើតាមក្រុមមន្ត្រីកាហ្សាក់ស្ថាន អ្នកដំណើរ ២៩នាក់ នៅរស់រានមាន ជីវិត និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕