ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំបង្កើតបណ្តាល័យសម្រាប់ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឱ្យអ្នកជំនាន់ក្រោយងាយស្រួលសិក្សាស្រាវជ្រាវ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី បានមានប្រសាសន៍ថា នៅបណ្តាប្រទេសមួយចំនួន គេបានបង្កើតបណ្ណាល័យដើម្បីទុកនិក្ខេបបទ របស់និស្សិតដើម្បីឱ្យនិស្សិតជំនាន់ក្រោយ ធ្វើការសិក្សាស្រាវជ្រាវ ឬធ្វើការអាប់ដេតឱ្យល្អប្រសើរជាងមុន នៅពេលសរសេរពេលក្រោយ។
សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងអប់រំ ពិនិត្យមើល និងពិគ្រោះយោបល់ ជាមួយសកលវិទ្យាល័យនានា ដើម្បីបង្កើតជាបណ្ណាល័យ ឬមជ្ឈមណ្ឌលព័ត៌មានមួយ សម្រាប់ធ្វើការស្រាវជ្រាវ។ និក្ខេបបទរាប់ឆ្នាំមកនេះប្រហែលជាមានរាប់ម៉ឺននិក្ខេបទបទ ដូច្នេះយើងដាក់នៅកន្លែងណាមួយសម្រាប់ដាក់និក្ខេបបទចាស់ៗ ព្រោះវាជាកិច្ចការសំខាន់សម្រាប់ចងក្រងធ្វើជាមូលដ្ឋាន និងទិន្នន័យ។
ទន្ទឹមគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អ្វីដលសំខាន់បំផុតនោះគឺបណ្តុំនៃស្នាដៃនិស្សិតខ្មែរយើង មិនថានៅរាជធានីភ្នំពេញ ឬនៅខេត្តទៅរៀននៅក្រៅប្រទេស សរសេរនិក្ខេបបទនៅក្រៅប្រទេសក៏ដោយគួរយកមួយច្បាប់ដាក់ក្នុងបណ្ណាល័យ។ ការធ្វើបែបនេះជាផលនៃការចែករំលែកគ្នា ដើម្បីធ្វើការកែសម្រួលឬធ្វើឱ្យប្រសើរ ៕