ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៅ ទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សួស ប្រាថ្នា បានសម្ដែងការអរគុណនិង វាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានតាក់តែងរៀបចំខ្លឹមសារ សេចក្ដីព្រាងសេចក្ដីណែនាំខាងលើនេះឡើង។ ទន្ទឹមនេះ ឯកឧត្តម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ និងជាតម្រូវការចាំបាច់របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។
សូមជម្រាបជូនថា សេចក្ដីព្រាងសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានបីចំណុចសំខាន់ រួមមាន៖ ១). យន្តការសម្របសម្រួលការអនុវត្ត ២). គម្រោង ឬសកម្មភាពសេវាសង្គម និងអនាម័យបរិសា្ថន និង ៣). ការរៀបចំ ការអនុម័ត និងការអនុវត្ត៕