សម្តេចធិបតី៖ បើយើងស្រលាញ់ជាតិ មិនចាំបាច់ទាល់តែមួយថ្ងៃៗលើកក្រវីទង់ជាតិ ហើយនាំគ្នាស្រែកជេរគ្នា ប្រមូលគ្នាលើកប្រឆាំងនេះប្រឆាំងនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បើយើងស្រលាញ់ជាតិ មិនចាំបាច់ទាល់តែមួយថ្ងៃៗលើកក្រវីទង់ជាតិ ហើយនាំគ្នាស្រែកជេរគ្នា ប្រមូលគ្នាលើកប្រឆាំងនេះប្រឆាំងនោះ មិនចាំបាច់នោះទេ គឺយើងត្រូវរួមគ្នាធ្វើការងារជាក់ស្តែង នេះគឺជាកិច្ចការមួយដែលសំខាន់ដែលយើងត្រូវធ្វើ។
ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងថា ទោះបីសម្តេច មិនស្រែក ឆ្លើយឆ្លង តាមបណ្តាញ សង្គមហ្វេសប៊ុក មិនមែនមានន័យថា រាជរដ្ឋាភិបាលមិន ការពារ បូរណភាពទឹកដីទោះទេ និងជម្រុញការអភិវឌ្ឍប្រទេស លើកកម្ពស់ជាតិលើឆាគអន្តរជាតិនោះទេ គឺរាជរដ្ឋាភិបាល បានធ្វើរាល់ថ្ងៃ តាមរយៈការពង្រឹងធនធានមនុស្ស ពង្រឹងភាពម្ចាស់ ការរបស់កម្ពុជា ពង្រឹងអធិបតេយ្យដើម្បីកំណត់ជោគវាសនារបស់ជាតិដោយខ្លួនឯង។
សម្តេចធិបតី ថ្លែងបញ្ជាក់ថា រឿងកិច្ចការពារបូរណភាពទឹកដី រឿងកិច្ចការព្រំដែនយើងតែងតែធ្វើជាប្រចាំ ហើយយើងធ្វើសកម្មភាពជាក់ស្តែង គិតវិជ្ជមាន រួមគ្នាធ្វើ ធ្វើអ្វីឱ្យពិតប្រាកដ មិនមែនធ្វើឡើងតាមរយៈការតតាំងគ្នាតាមហ្វេសបុកនោះទេ, រឿងទឹកដីយើងត្រូវការពារ ត្រូវមានការចរចារបោះបង្គោលឱ្យបានសុក្រិតតាមផែនទីផ្លូវច្បាប់របស់យើង៕