បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ
ពេលថ្មីៗនេះ មេដឹកនាំអាមេរិកបានចុះហត្ថលេខាលើ”សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៥”ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធាចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រនិងបង្ហាញពីចំណង់អាហារដ៏ធំរបស់វ៉ាស៊ីនតោនក្នុងការចំណាយផ្នែកយោធា។ដើម្បីបង្កើត”ភាពសមហេតុសមផល”សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះបានលើកឡើងពីប្រទេសចិនរាប់សិបដង និងឃោសនាបំប៉ោងនូវ”ការគំរាមកំហែងពីប្រទេសចិន”នៅកន្លែងជាច្រើន ជាពិសេសបាននិយាយផ្ដេសផ្ដាសលើបញ្ហាតៃវ៉ាន់ ញុះញង់ឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ និងបានបញ្ចេញនូវសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរទៅកាន់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។
ក្នុងច្បាប់ក្នុងស្រុករបស់អាមេរិកមួយនេះ ភាគីអាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយពន្លឿនល្បឿនច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់នៃសង្រ្គាម។
ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកបានឈានចូលក្នុងដំណាក់កាលអន្តរកាលនៃការផ្ទេរសិទ្ធិអំណាច។ អ្នកផងទាំងពួងបានចាប់អារម្មណ៍ថា ក្នុងរយៈពេលជិតមួយខែមក អាមេរិកបានចាត់វិធានការជាបន្តបន្ទាប់លើបញ្ហាតៃវ៉ាន់៖ចាប់ពីបានអនុម័តការលក់អាវុធដែលមានទំហំសរុប៣៨៥លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់ ដល់ប្រកាសផ្តល់ជំនួយយោធាដែលមានតម្លៃប្រមាណ៥៧១.៣លានដុល្លារអាមេរិកដល់តៃវ៉ាន់ រហូតដល់អនុម័តការលក់អាវុធដែលមានទំហំ២៩៥លានដុល្លារអាមេរិកទៅឱ្យតៃវ៉ា់ន់ ហេតុអ្វីបានជាអាមេរិកពន្លឿន“ការបំពាក់អាវុធ”ឱ្យតៃវ៉ាន់?
អ្នកជំនាញបានលើកឡើងថា ការលក់អាវុធទៅឱ្យតៃវ៉ា់ន់នៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលអាមេរិកមានការគិតពិចារណាពីរ។ មួយផ្នែក គឺធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីគាំពារផលប្រយោជន៍របស់ក្រុមផលប្រយោជន៍និងគណបក្សពាក់ព័ន្ធ និងឆ្លើយតបទៅនឹងសម្ពាធលក់អាវុធបន្ទាន់របស់ក្រុមឧស្សាហកម្មយោធាអាមេរិក ។ មួយវិញទៀត គឺចង់បង្កើតភាពរញ៉េរញ៉ៃមួយចំនួន ដើម្បីបង្កើនភាពស្មុគ្រស្មាញដល់រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយក្នុងការដោះស្រាយទំនាក់ទំនងចិន-អាមេរិក។
មិនថាមូលហតុអ្វីក៏ដោយ ក៏ទង្វើមួយចំនួនរបស់អាមេរិកនាពេលកន្លងទៅនេះសុទ្ធតែបានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយនិងស្មារតីនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣។ លើសពីនេះទៀត ទង្វើរបស់អាមេរិកក៏បានបំពានលើពាក្យសន្យានយោបាយរបស់ខ្លួនចំពោះប្រទេសចិនផងដែរ។ នៅខែវិច្ឆិកា នៅពេលជួបពិភាក្សាការងារជាមួយលោកBidenប្រធានាធិបតីអាមេរិកនៅទីក្រុងLimaនៃប្រទេសប៉េរូ លោកXi Jinpingប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍និងការបំផុសគំនិត៧ចំណុចនិងខ្សែបន្ទាត់ក្រហមចំនួន៤ក្នុងការប្រស្រ័យទាក់ទងរវាងចិននិងអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្នុងនោះ បញ្ហាតៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមចម្បងនៃខ្សែបន្ទាត់ក្រហមចំនួន៤ដែលលើកឡើងដោយភាគីចិន។ លោកBiden បានរំលឹកឡើងវិញនូវពាក្យសន្យានយោបាយដូចជាអាមេរិកមិនស្វែងរក”សង្រ្គាមត្រជាក់ថ្មី”ជាមួយប្រទេសចិន និងមិនគាំទ្រ”ឱ្យតៃវ៉ាន់ឯករាជ្យ”ជាដើម។ ពាក្យសម្ដីនៅតែគុម្ពត្រចៀក តែទង្វើវិញផ្ទុយស្រឡះ អាមេរិកបានបង្កប់នូវគ្រោះចង្រៃកាន់តែច្រើនដល់ស្ថានភាពច្រកសមុទ្រតៃវ៉ាន់។
តាមពិត ទាក់ទិននឹងបញ្ហាតៃវ៉ាន់ ភាគីចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា វាជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហមចម្បងដែលមិនអាចផ្លោះរំលងបានក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។ ការអនុវត្តជាក់ស្តែងក្នុងរយៈពេលជាច្រើនឆ្នាំបានបញ្ជាក់ថា បើគាំពារគោលការណ៍ចិនតែមួយ នោះទំនាក់ទំនងរវាងចិននិងអាមេរិកអាចទទួលការអភិវឌ្ឍដោយរលូន ហើយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ក៏អាចទទួលបាននូវការធានាប្រកបដោយប្រសិទ្ធភាពដែរ ។ ផ្ទុយទៅវិញ បើបំផ្លាញគោលការណ៍ចិនតែមួយ នោះទំនាក់ទំនងរវាងចិននិងអាមេរិកនឹងប្រែប្រួលហើយត្រឡប់ថយក្រោយស្ថានភាពនៃច្រកសមុទ្រតៃវ៉ាន់នឹងប្រឈមមុខនឹងការសាកល្បងយ៉ាងតឹងរ៉ឹង។
នៅសល់ជាង២០ថ្ងៃទៀត រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីនឹងឡើងកាន់មុខតំណែង។ប្រសិនបើអាមេរិកប្រាថ្នាចង់បានសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងស្មោះស្ម័គ្រ នោះគួរដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែង។ អ្វីដែលហៅថា សព្វាវុធដែលផលិតដោយអាមេរិក មិនអាចកែប្រែកម្លាំងយោធារបស់ត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់បានឡើយ ហើយក៏មិនអាចរារាំងនូវនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានដែរ៕