ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក
តូក្យូ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែធ្នូនេះ បានរាយការណ៍ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងបានធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ(Japan Airlines) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖«យើងអាចបញ្ជាក់បានថា យើងត្រូវរងការវាយប្រហារតាមអ៊ីនធឺណិត ហើយយើងកំពុងដោះស្រាយស្ថានការណ៍នេះ»។ អ្នកនាំពាក្យរូបនេះបន្តថា៖«វាទំនងជាមានប៉ះពាល់លើប្រតិបត្តិការជើងហោះហើរ។ ដូច្នេះ ការពន្យារពេល និងការលុបចោលជើងហោះហើរអាចនឹងកើតមានឡើង»។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់អាចផ្តល់ព័ត៌មានលម្អិត អំពីការពន្យារពេលជាក់លាក់ណាមួយនោះទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទីពីររបស់ប្រទេស បន្ទាប់ពីក្រុមហ៊ុនអល នីពប៉ុន អ៊ែរវេយស៍ All Nippon Airways គឺជាក្រុមហ៊ុនជប៉ុនចុងក្រោយបង្អស់ ដែលត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិ។
សូមរំឭកថា កាលពីឆ្នាំ២០២៣ ទីភ្នាក់ងារអវកាសជប៉ុនចាហ្សា JAXA ត្រូវបានទម្លាយទិន្នន័យដោយការវាយប្រហារតាមអ៊ីនធឺណិត ដោយអង្គភាពមិនស្គាល់អត្តសញ្ញាណ។ ក្នុងឆ្នាំដដែលនោះ កំពង់ផែណាហ្កូយ៉ា (Nagoya) ដែលជាកំពង់ផែដ៏មមាញឹកបំផុតរបស់ជប៉ុន ត្រូវបានជាប់គាំងដោយការវាយប្រហារដោយអង្គការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត មានមូលដ្ឋាននៅប្រទេសរុស្ស៊ី៕