ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា សន្និបាទបូកសរុបលទ្ធផលការងារ នាពេលនេះ គឺមានគោលបំណងដើម្បីឆ្លុះបញ្ចាំង លើសមិទ្ធផល នៃការអនុវត្តកិច្ចការងារគ្រប់គ្រងរដ្ឋបាលដែនដី ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការ អនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ការត្រួតពិនិត្យការងារប្រចាំឆ្នាំ គឺជាកត្តាចាំបាច់ធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តការងារនៅឆ្នាំបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា នៅឆ្នាំនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានដាក់ចេញនូវប្រធានបទចំនួន ៥ចំណុច ដើម្បីធ្វើការស្វែងយល់អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងដំណោះស្រាយល្អៗ ដូចខាងក្រោម៖
-ប្រធានបទទី១៖ ការអនុវត្តគោលនយោបាយ “ភូមិ/ឃុំ-សង្កាត់មានសុវត្ថិភាព”
-ប្រធានបទទី២៖ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
-ប្រធានបទទី៣៖ ការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ
-ប្រធានបទទី៤៖ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
-ប្រធានបទទី៥៖ កិច្ចសហប្រតិបត្តិការនៅតាមព្រំដែន ៕