អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដើម្បីពង្រឹងកិច្ចការការ ពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឱកាសបុណ្យឆ្លងឆ្នាំ ឆ្នាំថ្មី ឆ្នាំសកល និងត្រៀមកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់ រាល់បញ្ហាអសកម្មដែលកើតមានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ម៉ត់ចត់បំផុត ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន កុំឲ្យក្រុមក្មេងទំនើងបង្កភាពចលាចល បាត់សណ្តាប់ធ្នាប់ក្នុងសង្កម។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឱ្យបង្កើតវេនប្រចាំការ ប្រចាំបញ្ជាមួយតាមខណ្ឌ ដោយមានអភិបាលរងខណ្ឌម្នាក់ ដឹកនាំ និងមានអធិការរងនគរបាលម្នាក់ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង ដោយក្នុងខណ្ឌនីមួយៗមានអភិបាលរងខណ្ឌ ៦នាក់ ត្រូវបែងចែកគ្នាមើលឲ្យិសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ។ ជាមួយគ្នានេះយើងត្រូវធ្វើដល់ប្ញសគល់ នៃអំពើល្មើស រាប់តាំងពីល្បែងស៊ីសងតាមអនឡាញ, ឆ្នោតឡូតូ, កន្ទុយលេខ ល្បែងជល់មាន់…ជាដើម។
ជាមួយគ្នានេះដែរ អាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញ ឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន។ ត្រូវរៀបចំប្រចាំបញ្ជា ដោយមានកងកំលាំងនៅជាមួយ បើមានបញ្ហាអ្វីកើតឡើងត្រូវមានមុខជានិច្ច។ ក្នុងនោះទប់ស្កាត់បង្ក្រាបក្មេងទំនើងឱ្យបាន ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះ។
ក្នុងនោះ ឯកឧត្តមអភិបាលរាជធានី ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអាជ្ញាធរយើងចូលទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលយកម៉ូតូមកផ្ញើ បើមានការសង្ស័យ ចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំងរដ្ឋ និងឯកជន យើងអនុវត្តការទប់ស្កាត់បទល្មើសនានា គឺត្រូវធ្វើជាប្រចាំឥតឈប់ទេ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ចំពោះករណីមុខសញ្ញាមិនទាន់មានសកម្មភាព ក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ ទាំងសាលារៀនរដ្ឋ ឬឯកជននោះទេ និងបានជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតី លើកឡើងដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌ ត្រូវដាក់កម្លាំង ចុះអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់នូវវិធានការមួយចំនួនដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែលគ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេរលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ កាំបិត ជាដើម។
ឯកឧត្តមអភិបាលរាជធានី បានបន្ថែមថា បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់។ យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៥ខាងមុខ។ ត្រូវប្រើយន្តការសង្កាត់ ភូមិ មើលថែបង្គោលភ្លើងសាធារណៈខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងដូចនៅខណ្ឌមានជ័យបន្តទៀត។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះរុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរទីសាធារណៈ ហើយចំពោះផ្លាកយីហោស្រាបៀរ នៅតាមមុខផ្ទះ មុខហាង ក៏ត្រូវកំណត់ឲ្យបានច្បាស់លាស់ ដាក់ក្នុងកំរិតណា ទីតាំងណា ទំហំប៉ុណ្ណា ឬត្រូវអនុញ្ញាតអោយដាក់នៅជាប់មុខផ្ទះ ឬមុខតែម្តង មិនអោយនៅលើទីសាធារណៈនោះឡើយ តែត្រូវមានច្បាប់ត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវចលនាប្រជាពលរដ្ឋឲ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាពនៃកម្ពុជា ក្នុងនោះ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សំរាប់ពិធីនាថ្ងៃទី២៩ ធ្នូ ខាងមុខ ជាបញ្ហាចាំបាច់បំផុតឲ្យកាន់តែបានល្អប្រសើរ ៕