រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថានអគ្គកុងស៊ុលនៃប្រទេសកម្ពុជាប្រចាំប្រទេសថៃ មួយបន្ថែមទៀត ដែលមានទីស្នាក់ការនៅទីក្រុងសុងក្លា។
ស្ថានអគ្គកុងស៊ុល ប្រចាំប្រទេសថៃដែលបានបង្កើតថ្មីមួយបន្ថែមទៀតនេះ មានទីស្នាក់ការស្ថិតនៅក្នុងសុងក្លា ដែលត្រូវបានចាត់តាំងឱ្យមានប្រធានបេសកកម្ម១រូប មានឋានៈជាអគ្គកុងស៊ុល ហើយសមាសភាពមន្ត្រីកុងស៊ុល មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវាផ្សេងទៀត នឹងត្រូវកំណត់តាមតម្រូវការ នៃការងារជាក់ស្តែង។
គួរបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសុងក្លា គឺជាស្ថានអគ្គកុងស៊ុលទី២របស់កម្ពុជា ប្រចាំប្រទេសថៃ ខណៈស្ថានអគ្គកុងស៊ុលទី១ មាននៅខេត្តស្រះកែវ រួមជាមួយនឹងស្ថានទូតកម្ពុជាប្រចាំរាជធានីបាងកក។
ស្ថានអគ្គកុងស៊ុល ត្រូវបានបង្កើតឡើងបន្ទាប់ពីស្ថានទូត មានទីស្នាក់ការនៅតាមក្រុង ឬខេត្តនានា ដើម្បីជួយសម្រួលដល់កិច្ចការនានារបស់ប្រជាពលរដ្ឋ ឬពលករ ពាក់ព័ន្ធនឹងសេវាលិខិតឆ្លងដែន បណ្ណស្នាក់នៅ ជួយអន្តរាគមន៍ទំនាស់រវាងកម្មករ ឬថៅកែ និងបញ្ហានានាដែលពលករជួបប្រទះ ៕