អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ
ប៉េកាំង៖ ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី២៦ធ្នូ បានជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ ដោយបរិយាយថា ការសម្រេចចិត្តរបស់រដ្ឋធានីម៉ានីល ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាម៉េរិក នៅក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យនៃការរត់ប្រណាំសព្វាអាវុធនៅក្នុងតំបន់។
អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន លោកស្រី ម៉ៅ នីង បានលើកឡើងថា៖«តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ភាគីហ្វីលីពីនបានប្រគល់សន្តិសុខ និងការការពារជាតិរបស់ខ្លួនទៅឱ្យអ្នកដទៃ ហើយបានបង្កើតហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ និងការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់»។
លោកស្រី ម៉ៅ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា៖«យើងផ្តល់ដំបូន្មានម្ដងទៀតដល់ភាគីហ្វីលីពីនថា ជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ការពារសន្តិសុខរបស់ខ្លួន គឺត្រូវប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្ត្រ ភាពជាអ្នកជិតខាងល្អ និងការអភិវឌ្ឍដោយសន្តិភាព»។
លោកស្រីបានបន្ថែមថា ប្រទេសចិននឹងមិនអង្គុយស្ងៀមឡើយ ប្រសិនបើផលប្រយោជន៍សន្តិសុខរបស់ខ្លួនត្រូវបានគំរាមកំហែង។ លោកស្រី ម៉ៅ បានសង្កត់ធ្ងន់ថា៖«យើងជំរុញម្ដងទៀតឱ្យប្រទេសហ្វីលីពីន គោរពការប្តេជ្ញាចិត្តពីមុនរបស់ខ្លួន និងដកប្រព័ន្ធមីស៊ីលចេញ ហើយឈប់ដើរតាមផ្លូវខុស»។
ប្រតិកម្មរបស់មហាយក្សចិន លេចឡើងបន្ទាប់ពីប្រព័ន្ធការពារដែនអាកាស Typhon របស់សហរដ្ឋអាម៉េរិក អាចបំពាក់ដោយមីស៊ីលតម្រង់ទិស មានសមត្ថភាពវាយប្រហារគោលដៅដល់ប្រទេសចិន ត្រូវបាននាំយកមកសម្រាប់សមយុទ្ធរួមគ្នាកាលពីដើមឆ្នាំនេះ។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Typhon សម្រាប់សមយុទ្ធរួម គឺស្របច្បាប់។ ស្របពេលដែលប្រមុខកងទ័ព លោក រ៉យ ហ្គាលីដូ (Roy Galido) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីនក៏គ្រោងនឹងទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមផ្ទាល់ខ្លួនផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងហ្វីលីពីន បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការទាមទារប្រកួតប្រជែងរបស់ប្រទេសក្បែរខាងទាំង២ នៅក្នុងសមុទ្ទចិនខាងត្បូង។ សម្ព័ន្ធមិត្ត សន្ធិសញ្ញា ដែល មាន រយៈពេល យូរ មក ហើយរវាង រដ្ឋធានី ម៉ានីល និង វ៉ាស៊ីនតោន ក៏បាន ពង្រឹង ទំនាក់ទំនង យោធា ឱ្យកាន់តែ ស៊ីជម្រៅ ផងដែរ ដោយ បង្កើន ភាព តានតឹង បន្ថែម ទៀត៕