រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងត្រូវបន្តផែនការការងារនាឆ្នាំថ្មី ឬឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីរាជការដែលមានបទពិសោធន៍ការងារយូរឆ្នាំ សូមចូលរួមចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អ្នកជំនាន់ក្រោយឱ្យបានទូលំទូលាយ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ ក្នុងការយកទៅអនុវត្ត៖
-ខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងការតាំងចិត្តខ្ពស់ គឺជាឆ្អឹងខ្នងនៃភាពជោគជ័យយើងនឹងសម្រេចបាននាពេលនេះ និងពេលខាងមុខ
-លើកទឹកចិត្តដល់មន្រ្តីរាជការដល់ទាំងអស់ ត្រូវផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព ដែលជាអាទិភាពខ្ពស់របស់សុខាភិបាល
-បង្កើតជាឱកាស និងកាលានុវត្តភាព ក្នុងការខិតខំសម្រេចឱ្យបានប្រសើរឡើង និងជោគជ័យសម្រាប់ប្រទេស
-គាំទ្រ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ត្រូវមានសាមគ្គីភាព ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក យកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាវាសវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។
ក្នុងនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃនាយកដ្ឋាននីមួយៗ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងមានមតិចំណាប់អារម្មណ៍ដឹងគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការដឹកនាំចែករំលែកបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរៀងរាល់សប្តាហ៍នៃថ្ងៃអង្គារ និងគ្រប់ឱកាសនៃការជួបជុំដែលធ្វើឱ្យការងារដឹកនាំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប្រកបដោយស្មារតីបុរេសកម្ម សាមគ្គីភាព ភាពស្និតស្នាល មានគោលដៅច្បាស់លាស់ក្នុងការអនុវត្ត ដែលទទួលបានលទ្ធផលជោគជ័យជាច្រើនបន្តបន្ទាប់មក។ មន្រ្តីរាជការនៅតាមនាយកដ្ឋាន ខ្លះក៏បានតែងបទចម្រៀង និងខ្លះច្រៀងចំរៀងរួមគ្នា បង្ហាញពីភាពរីករាយ សាមគ្គីភាពគ្នា ក្តីស្រលាញ់ស្មោះស្ម័គ្រ និងថ្លែងអំណរគុណដល់ការដឹកនាំប្រកបដោយទឹកចិត្តមុះមុតរបស់ ឯកឧត្តមសាស្រ្តាចារ្យ ផងដែរ ៕