ណាតូ នឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅសមុទ្របាល់ទិក
ហ៊ែលស៊ីនគី៖ អង្គការណាតូបានអះអាងកាលពីថ្ងៃសុក្រទី២៧ ខៃធ្នូថា ខ្លួននឹងបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្របាល់ទិក បន្ទាប់ពីការសង្ស័យថា ខ្សែផ្គត់ផ្គង់ថាមពលអគ្គិសនី និងខ្សែអ៊ីធឺណិត ចំនួនបួននៅក្រោមសមុទ្រត្រូវបំផ្លិចបំផ្លាញនៅក្នុងសប្តាហ៍នេះ ខណៈសមាជិកសម្ព័ន្ធភាពអេស្តូនី ក៏បានចាប់ផ្តើមប្រតិបត្តិការកងទ័ពជើងទឹកដើម្បីការពារថាមពលអគ្គិសនីស្របគ្នាដែរ។
ហ្វាំងឡង់កាលពីថ្ងៃព្រហស្បតិ៍បានរឹបអូសនាវាដឹកប្រេងរបស់រុស្ស៊ី ដោយសង្ស័យថាបានធ្វើឱ្យដាច់ខ្សែថាមពលអគ្គសនីក្រោមសមុទ្ទ Estlink 2 ដែលតភ្ជាប់រវាងហ្វាំងឡង់ជាមួយអេស្តូនី។ នៅថ្ងៃសុក្រដដែល ហ្វាំងឡង់បានស្នើដល់សម្ព័ន្ធយោធាណាតូសម្រាប់ការគាំទ្រផងដែរ។ តាមពិតទៅ បណ្តាប្រទេសបាល់ទិកមានការប្រុងប្រយ័ត្នជាខ្លាំង បន្ទាប់ពីការដាច់ខ្សែអគ្គិសនីក្រោមបាតសមុទ្រ តំណភ្ជាប់ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ប្រធានាធិបតីហ្វាំងឡង់ លោក អាឡិចសាន់ឌ័រ ស្ទូបប៍ បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងបានយល់ព្រមជាមួយអេស្តូនី ហើយយើងក៏បានទាក់ទងទៅអគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូត (Mark Rutte) ថា បំណងរបស់យើង គឺចង់មានវត្តមានយោធារបស់ណាតូកាន់តែខ្លាំងនៅសមុទ្ទបាល់ទិក»។ ជាការឆ្លើយតប លោក រូត បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ណាតូនឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងសមុទ្ទបាល់ទិក»។ ទន្ទឹមគ្នា ឆ្មាំឆ្នេរសមុទ្រស៊ុយអែត បានអះអាងថា ខ្លួនបានបង្កើនការឃ្លាំមើលចរាចរណ៍នាវា ការដាក់ពង្រាយយន្តហោះនិងនាវា និងការសម្របសម្រួលជាមួយប្រទេសដទៃទៀត។