កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ផងនោះ, នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ដើម្បីជួយសម្រាលការលំបាកដល់ជនមានពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីមន្ត្រីទីស្នាក់ការកណ្តាល, មន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ។
សូមបញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មាននៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។ ដោយសារថា សមាគមនេះទើបនឹងបង្កើតថ្មី ទើបធ្វើឱ្យបងប្អូនជនមានពិការភាព ជួបប្រទះនូវការលំបាកខាងផ្នែកជីវភាពរស់នៅ។ ហេតុដូចនេះហើយ ដោយមើលឃើញពីសេចក្តីត្រូវការចំពោះមុខ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភជូនដល់សមាគមនេះចំនួន ២ដង ក្នុងមួយឆ្នាំ។ ជាក់ស្តែងអំណោយដែលប្រគល់ជូនជាលើកទី៣នេះ រួមមាន៖ អង្ករ ២តោន, មី ២០កេស, ត្រីខ ៥០០កំប៉ុង, ទឹកត្រី ៦០ដប, ទឹកស៊ីអ៊ីវ ៦០ដប, ទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈ ១០កេស, ស្ករស ២៥គីឡូក្រាម និងថវិកា ៥លានរៀល។ បន្ថែមពីនេះ សមាជិកសមាជិកានៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ក៏ទទួលបានអាហារសាមគ្គី ១ពេល ដ៏ឆ្ងាញ់ពិសា ចំនួន ១២តុ ដែលមានមុខម្អូបដូចជា៖ សាច់គោអាំង, ឆាផ្សិតសសៃកែង, បង្គាបំពងខ្ទឹមស, សម្លម្ជូរគ្រឿងពោះគោ, បាយស និងបង្អែមបបរត្នោត៕