សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ១ឆ្នាំ ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខា។
អង្គប្រជុំ បានតាមដានស្តាប់នូវ ៖ ១,របាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ឆ្នាំ ២០២៤ និងទិសដៅការងារបន្ត របស់សាខា ឆ្នាំ ២០២៥ ២, របាយការណ៍ ស្តីពីស្ថានភាពហរញ្ញវត្ថុ ចំណូល ចំណាយ ថវិកា ( គិតត្រឹមថ្ងៃទី ២៧-១២-២០២៤) របស់សាខា ឆ្នាំ ២០២៤ ៣ -ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការអភិវឌ្ឍសកម្មភាពការងារ របស់សាខា ឆ្នាំ ២០២៥ ។ ៤- ពិភាក្សា និងអនុម័តលើ ៖
– គោលការណ៍រួម ស្តីពី ការកំណត់របបឧបត្ថម្ភជូន ជនរងគ្រោះ និងជនងាយរងគ្រោះ – សេចក្តីសម្រេច ស្តីពីរបបប្រជុំប្រចាំត្រីមាស ឆ្នាំ ២០២៥ របស់គណ:កម្មាធិការសាខា- សេចក្តីសម្រេច ស្តីពី របបប្រជុំប្រចាំខែ ឆ្នាំ២០២៥ របស់ ក្រុមប្រតិបត្តិសាខា។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១២ខែ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា – ការថែទាំសុខភាពសហគមន៍- ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន – ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា -ការកសាងភាពធន់សហគមន៍ – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។
មានប្រសាសន៍ក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់ អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង- បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព៕