នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់នៅកម្ពុជាដូចពេលកន្លងមក សូមក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ហើយផ្ញើទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ របាយការណ៍ទាំងនោះ មាន៤ប្រភេទ គឺរបាយការណ៍ប្រចាំខែ របាយការណ៍ប្រចាំត្រីមាស របាយការណ៍ប្រចាំឆមាស និងរបាយការណ៍ប្រចាំឆ្នាំ ដោយរបាយការណ៍នីមួយៗ ត្រូវក្តោបទាំងការទិញ ការលក់ និងការប្រើប្រាស់សារធាតុគីមីផ្សំក្នុងរោងចក្រ-សហគ្រាស។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការគ្រប់គ្រងសារធាតុគីមីផ្សំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីម្ចាស់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ឯកឧត្ដមអគ្គលេខាធិការ ថែមទាំងប្រាប់ឱ្យរោងចក្រ-សហគ្រាស កត់ត្រាឱ្យបានច្បាស់លាស់អំពីសារធាតុគីមីផ្សំ រួមមាន បរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់ក្នុងស្តុក ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ។
គួររម្លឹកថា កន្លងមក មានករណីរោងចក្រ-សហគ្រាសរបស់ឧក្រិដ្ឋជនមួយចំនួននៅកម្ពុជា ពិសេសឧក្រិដ្ឋជនបរទេស បានលួចកែច្នៃ និងផលិតគ្រឿងញៀន ចេញពីសារធាតុគីមីផ្សំ។ ពួកគេអាចនាំសារធាតុគីមីផ្សំចូលទៅកាន់រោងចក្រ-សហគ្រាសរបស់ខ្លួន ដោយសុវត្ថិភាពនិងស្របច្បាប់ ដោយសារពួកគេកុហកអាជ្ញាធរកម្ពុជាថា ដើម្បីយកទៅប្រើប្រាស់ក្នុងការកែច្នៃនិងការផលិតចេញជាផលិតផលផ្សេងៗ។ ក្រោយរកឃើញករណីកែច្នៃគ្រឿងញៀនចេញពីសារធាតុគីមីផ្សំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដាក់ចេញវិធានការត្រួតពិនិត្យសារធាតុគីមីផ្សំតាមរោងចក្រ-សហគ្រាស និងតម្រូវឱ្យរោងចក្រ-សហគ្រាស ត្រូវធ្វើរបាយការណ៍អំពីសារធាតុគីមីផ្សំរបស់ខ្លួន។
ក្នុងសិក្ខាសាលាខាងលើ ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឱ្យម្ចាស់ និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍ ដែលក្រសួង-ស្ថាប័នជំនាញបានដាក់ចេញ ដើម្បីចូលរួមទប់ស្កាត់ការលួចកែច្នៃសារធាតុគីមីផ្សំជាជំនួញស្របច្បាប់ ទៅជាគ្រឿងញៀនសំយោគខុសច្បាប់៕