ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ លោក Jung Kyumin តំណាងមន្ទីរពេទ្យ Pohang Stroke and Spine Hospital នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងសុខាភិបាល។
ពិធីជួបសំណេះសំណាលនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល(Stroke) ឲ្យកាន់តែប្រសើរនៅក្នុងព្រះរាជាណាកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលដល់គ្រូពេទ្យ និងគិលានុបដ្ឋាក រួមទាំងការជួយបំពាក់សម្ភារៈបរិក្ខារសម្រាប់ជំនួយដល់ការវះកាត់ផ្នែកប្រព័ន្ធប្រសាទ។ កន្លងមកមន្ទីរពេទ្យ Pohang Stroke and Spine Hospital ធ្លាប់បានបណ្តុះបណ្តាលមន្ត្រីកម្ពុជាចំនួន០៩នាក់លើជំនាញប្រព័ន្ធប្រសាទ។ ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានបង្ហាញជូនអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព ដែលស្ថិតក្នុងបញ្ចកោណទី១ ដែលមានផ្តោតទៅការពង្រឹងគុណភាពវិស័យអប់រំ និងលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ លោកស្រីសាស្ត្រចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មន្រ្តីរនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យ ខ្មែរ-សូវៀត ២រូប ដែលធ្លាប់បានទទួលអាហារូបករណ៍ពីមន្ទីរពេទ្យ Pohang Stroke and Spine Hospital នៃប្រទេសកូរ៉េ ៕