សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ គ្រោងនឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ នេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេស ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមជាមួយគ្នានេះ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ ក៏ជាការចូលរួមចំណែកបំផុសនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុសលើកកម្ពស់បំផុសវិស័យកីឡាវាយកូនគោលនៅកម្ពុជាឱកាន់តែរីកចម្រើនផងដែរ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលនេះ នឹងធ្វើការប្រកួតរយៈពេល២ថ្ងៃ ដោយថ្ងៃទីមួយ ថ្ងៃទី២៧ គឺជាការប្រកួតឯកក្តជនសម្រាប់កីឡាករ កីឡាការិនីមិនមែនអាជីព។
សូមជម្រាបថា កីឡាករដែលជាប់ចំណាត់ពីលេខ១ដល់លេខ៨ នៅក្នុងថ្ងៃទី២៧ខែធ្នូ បានទៅប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃការប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការប្រកួត និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីទាំងអស់ ៕