អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ” នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី បានកោតសរសើរដល់មន្ទីរពេទ្យ និងមន្ត្រីសុខាភិបាល មន្ទីរពេទ្យកម្រិត១ កម្រិត២ និងកម្រិត៣ ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាល្អ ទើបក្នុងចំណោមបេក្ខភាពចំនួន៥ ដែលបានប្រកួតប្រជែងដំណាក់កាលបឋម ទទួលបានជ័យលាភីចំនួន៤រួមមានៈ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី (CPA3) មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ (CPA2) និងមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព មន្ទីរពេទ្យបង្អែកសិរីសោភ័ណ (CPA1) ចំនួន២ ដែលគិតក្នុងកម្រិតទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ ស្ទួនជាមួយខេត្តកំពង់ចាម និងខេត្តព្រៃវែង។ ដោយឡែកសម្រាប់ការចុះវាយតម្លៃផ្ទាល់លើ ទីតាំងជាក់ស្តែង សម្រាប់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី បានអនុវត្តរួចហើយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ និងនៅពេលខាងមុខ សម្រាប់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មន្ទីរពេទ្យ បង្អែកម៉ាឡៃសន្តិភាព និងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះសម្រាប់វិស័យសុខាភិបាល ដោយត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ ដូច្នេះតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ បំពេញការងារដោយបុរេសកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពពេលវេលានៃម៉ោងធ្វើការឱ្យបានត្រឹមត្រូវ (ពេលវេលានៃការផ្តល់សេវា២៤ម៉ោង២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍) និងត្រូវខិតខំបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ ជាប្រចាំ និងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថានផ្សេងៗឱ្យបានល្អប្រសើរ។ មួយវិញទៀត អ្វីដែលមន្ត្រីសុខាភិបាលទាំងអស់ ដែលបម្រើការនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមានតួនាទី និងការរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួម អនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អប្រសើរផងដែរ ព្រោះថា នៅត្រង់ចំណុចទី៦ បានចែងថា “មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ និងចំណុចទី៧ “ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព“ ៕