មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង
សេអ៊ូល៖ នៅថ្ងៃអាទិត្យទី២៩ ខែធ្នូនេះ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់ប្រទេសកូរ៉េខាងត្បូង។
ក្រសួងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង បានបង្ហាញថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលយន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដឹកអ្នកដំណើរ១៧៥ នាក់ និងអ្នកបម្រើការលើយន្តហោះ៦ នាក់នៅលើជើងហោះហើរពីរាជធានីធានីបាងកករបស់ប្រទេសថៃ បានចុះចតភ្លាមៗនៅអាកាសយានដ្ឋានភាគខាងត្បូងនៃប្រទេស ហើយបានបុកជាមួយនឹងជញ្ជាំង។
មន្ត្រីពន្លត់អគ្គីភ័យនៃអាកាសយានដ្ឋាន បានបញ្ជាក់ថា មនុស្ស២នាក់ត្រូវបានរកឃើញនៅរស់ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយ។ អាជ្ញាធរកំពុងជួយសង្គ្រោះមនុស្សនៅក្នុងផ្នែកកន្ទុយយន្តហោះ។
យោងតាមក្រសួងដឹកជញ្ជូន អ្នកដំណើរទាំងនោះ រួមមានជនជាតិថៃ ២នាក់ ហើយអ្នកផ្សេងទៀត ត្រូវបានគេជឿថា ជាជនជាតិកូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះនេះគឺជាយន្តហោះប្រភេទ Boeing 737-800 ដំណើរការដោយក្រុមហ៊ុន Jeju Air កំពុងស្វែងរកព័ត៌មានលម្អិតនៃឧបទ្ទវហេតុនេះ រួមទាំងអ្នកស្លាប់ និងមូលហេតុផងដែរ។
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានណែនាំអ្នកសង្គ្រោះបន្ទាន់ ឱ្យប្រមូលឧបករណ៍ និងបុគ្គលិកដែលមានទាំងអស់ ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់នេះ។ ឧបទ្ទវហេតុធ្លាក់យន្តហោះកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងប្រឈមមុខនឹងវិបត្តិនយោបាយពេញលេញ។